មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រួតពិនិត្យសកម្មភាពហ្វឹកហ្វឺនបំប៉នពង្រឹងកងកម្លាំង ប្រចាំឆ្នាំ២០២៣ 

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយគណៈកម្មការគ្រប់គ្រងវគ្គ និងក្រុមគ្រូយោធាចារ្យ បានទៅត្រួតពិនិត្យសកម្មភាពហ្វឹកហ្វឺន និងប្រជុំបូកសរុបដកបទពិសោធន៍ អំពីការងារហ្វឹកហ្វឺនបំប៉នពង្រឹងកងកម្លាំងប្រចាំឆ្នាំ២០២៣ ដែលបានហ្វឹកហ្វឺនរៀនសូត្រអស់ រយៈពេលជិត៣ ខែកន្លងមក ដែលនឹងត្រូវត្រៀមរៀបចំពិធីបិទវគ្គហ្វឹកហ្វឺននៅពេលខាងមុខ។ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក  ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ទោ ថនស៊ី សក្កា មេបញ្ជាការកងវរសេនាតូចលេខ១ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងកងកម្លាំងប្រចាំឆ្នាំ២០២៣ បានឡើងរាយការណ៍អំពីលទ្ធផលសំខាន់ៗនឹងបានគូសបញ្ជាក់អំពីចំណុចខ្លាំង ចំណុចខ្វះខាត និងបទពិសោធន៍មួយចំនួន នៃការហ្វឹកហ្វឺនរៀនសូត្រ ដែលគណៈកម្មការគ្រប់គ្រងវគ្គ និងក្រុមគ្រូយោធាចារ្យបានបង្ហាត់បង្រៀនដល់សិក្ខាកាមនាពេលកន្លងមក ។

បន្ទាប់មកអង្គប្រជុំបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងបានវាយតម្លៃខ្ពស់ ចំពោះចំណុចខ្លាំង ចំណុចខ្សោយ និងការខិតខំប្រឹងប្រែងបង្រៀននិងហ្វឹកហ្វឺនរៀនសូត្រ របស់ក្រុមគ្រូយោធាចារ្យ ព្រមទាំងសិក្ខាកាមរបស់យើង ក្នុងវគ្គហ្វឹកហ្វឺននេះដែលមានរយៈពេលជិត៣ខែមកហើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះក្រុមគ្រូយោធាចារ្យ ដែលបានយកអស់ពីកម្លាំងកាយចិត្ត និងចំណេះដឹង ដែលខ្លួនមាន ដើម្បីហ្វឹកហ្វឺននិងរៀនសូត្រ ជូនដល់សិក្ខាកាមរបស់យើងឲ្យទទួលបានលទ្ធផលល្អ ជាមួយនោះដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានថ្លែងនូវការកោតសរសើរ ចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំហ្វឹកហ្វឺនរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង ពង្រឹងសមត្ថភាពត្រៀមប្រយុទ្ធ ប្រយុទ្ធនិងធ្វើការងារ សមស្របជាកងយោធពលខេមរភូមិន្ទ ក្នុងកិត្តិយស និងសេចក្តីថ្លៃថ្នូរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់គណៈកម្មការគ្រប់គ្រងវគ្គ និងថ្នាក់ដឹកនាំស្ថាប័នការិយាល័យពាក់ព័ន្ធ ត្រូវប្រុងប្រៀបរៀបចំកិច្ចការធានាផ្សេងៗ តាមភារកិច្ចរៀងៗខ្លួន ដើម្បីបម្រើឲ្យការរៀបចំពិធីបាញ់ស៊ីបគ្រាប់ពិត នៅពេលបញ្ចប់វគ្គ ដើម្បីឆ្លុះបញ្ចាំងអំពីសមត្ថភាពរបស់សិក្ខាកាមក្រោយពេលបងប្អូនបានហ្វឹកហ្វឺនរៀនសូត្រកន្លងមក និងការប្រុងប្រៀបរៀបចំពិធីបិទវគ្គហ្វឹកហ្វឺន បំប៉ន់ពង្រឹងកងកម្លាំងប្រចាំឆ្នាំ២០២៣  នៅពេលខាងមុខ ឲ្យទទួលបានជោគជ័យផងដែរ ។