ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន៦៥០ក្បាលដី ស្មើនឹង៣៧៧ម្ចាស់កម្មសិទ្ធិករ ជូនពលរដ្ឋក្នុងស្រុកកោះសូទិន

0

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ពេល​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ហេីយ​សូម​ប្រេីប្រាស់​ជា​ប្រយោជន៍​ ក្នុង​ការ​លេីក​ស្ទួយ​ជីវភាព​គ្រួសារ​ ព្រោះ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នេះ​ជា​មរតក​របស់​រដ្ឋាភិបាល​កម្ពុជា​ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ការ​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) ៦៥០ប័ណ្ណ ស្មើ​នឹង​៣៧៣គ្រួសារ ជូន​ប្រជាពលរដ្ឋ​ ក្នុងភូមិទី៥ ឃុំព្រែកតានង់ ស្រុកកោះសូទិន​ នាព្រឹកថ្ងៃទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២៣​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​គួសបញ្ជាក់ថា ក្បាលដីដែលបងប្អូនបានចុះបញ្ជីនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានកម្មសិទ្ធិនេះ​ គឺជាការបានបំពេញលក្ខខណ្ឌ​គ្រឹះ​ដ៍រឹងមាំ​ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌសំខាន់សម្រាប់ការប្រើប្រាស់ប័ណ្ណដី ដោយការដាក់ធានា ខ្ចីប្រាក់នៅធនាគារ ដើម្បីយកដើម ទុនមកប្រើប្រាស់សម្រាប់ធ្វើអាជីវកម្មផ្សេងៗ​ ក្នុងការកែលម្អជីវភាពរស់នៅ ដូច្នេះការចុះបញ្ជីដីធ្លីគឺជាការពង្រឹង សុវត្ថិភាពនៃការកាន់កាប់ដីធ្លី​ ដែលនឹងជំរុញការប្រើប្រាស់ដីអោយអស់សក្ដានុពល ហើយកត្តានេះពិតជានឹងកាត់បន្ថយភាពក្រីក្រ​ ដែលជាគោលដៅចុងក្រោយនៃគោលនយោបាយជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល ។
ឯកឧត្ដមអភិបាលខេត្ត​ បាន​បញ្ជាក់ថា​ ប័ណ្ណកម្មសិទ្ធិដែលបងប្អូនទទួលនៅថ្ងៃនេះ​ គឺជាឯកសារមួយសំខាន់ណាស់ ជាឯកសារតំណាងអោយទ្រព្យ របស់បងប្អូន ជាឯកសារតំណាងអោយសិទ្ធិនៃកម្មសិទ្ធិដែលជាសិទ្ធិផ្តាច់មុខរបស់កម្មសិទ្ធិករលើដីធ្លីរបស់ខ្លួនក្នុងការ​ប្រើប្រាស់​ និងអាស្រ័យផលក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរមរតកទៅអោយកូន ចៅដោយអនុលោមតាមការកំណត់នៃច្បាប់ ដូច្នេះ​សូម​រក្សាប័ណ្ណកម្មសិទ្ធិនេះអោយបានល្អបំផុត ។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បាន​សំណូមពរដល់សមាសភាពមកពីតំណាងអាជ្ញាធរពាក់ព័ន្ធគ្រប់ផ្នែក គ្រប់ថ្នាក់ ជួយបំផុសការចូលរួម របស់គ្រប់សមត្ថកិច្ច និងប្រជាពលរដ្ឋជាម្ចាស់ សហការជាមួយក្រុមការងារជំនាញចុះបញ្ជីដីធ្លី​ ដើម្បីសម្រេចការងារនេះដោយជោគជ័យ ក៏ដូចជា​ដេីម្បី​បន្តជំរុញការចុះបញ្ជីដីធ្លីនៅខេត្តកំពង់ចាម ពិសេសការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅតាម តំបន់វិនិច្ឆ័យនៃបណ្តាលភូមិជាបន្តបន្ទាប់ទៀត និងរួមចំណែកក្នុងការសម្រេចផែនការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋភិបាល​ផងដែរ​ ៕