កំពង់ធំ÷ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំដែងការគួរសម និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ក្នុងការលើកទឹកចិត្ត ឱ្យខិតខំបំពេញការងារបានល្អ នៅក្នុងអង្គភាពរបស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ជូនបងប្អូនប្រជាពលរដ្ឋ។
កម្មវិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងគណៈប្រតិភូរបស់ក្រសួងព្រមទាំងមន្ត្រីរាជការនៅក្នុងមន្ទីរជាច្រើនរូបផងដែរ។
លោក ជូ កូឡា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ពីការរីកចម្រើនមួយចំនួនគឺការដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ និងសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ទៅលើការពង្រឹងប្រសិទ្ធភាពការងារ និងការលើកកម្ពស់ សមត្ថភាពស្ថាប័ន ជាពិសេសការខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងដែនសមត្ថកិច្ច របស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ។ ចំពោះកិច្ចខិតខំប្រឹងប្រែងលើកិច្ចការទាំងអស់នេះ និងការរួមសហការគ្នាបាន យ៉ាងល្អពុះពារជំនះនូវរាល់ការលំបាកគ្រប់បែបយ៉ាង ក្នុងការគ្រប់គ្រង ដឹកនាំ និងប្រតិបត្តិការងារជំនាញ រហូតឈានទៅសម្រេចបានជោគជ័យ ឆ្លើយតបបានតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ផែនការគោលនយោបាយរបស់អាជ្ញាធរខេត្ត ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាល ដែលបានប្រគល់ជូន។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ត្រូវរៀនសូត្រពីការងារ និងសិក្សាស្វែងយល់បន្ថែម ពិសេសគឺបច្ចេកវិទ្យាឌីជីថល ដើម្បីយើងអាចធ្វើការងារបានលឿនឆាប់រហ័ស ត្រង់ចំណុចនេះប្រធានមន្ទីរត្រូវគិតគូរដល់ការចាត់ចែងមន្រ្តីឱ្យទទួលការបណ្ដុះបណ្ដាល សិក្ខាសាលាផ្សេងៗបើមាន ដើម្បីយកចំណេះដឹងទាំងនោះមកបន្ថែមល្បឿនការងារ។ ត្រូវផ្ដល់ការលើកសរសើរ និងការលើកទឹកចិត្តផ្សេងៗ ដល់បុគ្គលិកមន្ត្រីរាជការ ដែលបានខិតខំប្រឹង ប្រែងបំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសបុគ្គលិកមន្ត្រីរាជការរបស់យើង ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការងាររបស់មន្ទីរនាពេលកន្លងមក ក៏ដូចជាក្នុងពេលអនាគត ផងដែរ។
ជាចុងក្រោយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ដាំផ្ញើដល់ប្រធានមន្ទីរ និងមន្ត្រីទាំងអស់ត្រូវខិតខំកសាងហេដ្ឋាចនាសម្ព័ន្ធក្នុងខេត្តប្រកបដោយគុណភាពតាមស្ដង់ដារបច្ចេកទេស មានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមផែនការយុទ្ធសាស្ត្រ និងការណែនាំរបស់ថ្នាក់ដឹកនាំ។ ត្រូវរិះរក ឬផ្លាស់ប្តូរវិធីតាមដាន ត្រួតពិនិត្យ ការកសាង ជួសជុល និងថែទាំផ្លូវថ្នល់តាមរបៀប ដែល មានប្រសិទ្ធភាពជាងមុន ដើម្បីឱ្យមានគុណភាពផ្លូវមានភាពរឹងមាំបានយូរអង្វែង។ ជំរុញការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងការចូលរួមការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្ត តាមរយៈការចែកមួកសុវត្តិភាព និងការចែកស្ទីកឃឺចំណាំងផ្លាត ព្រមទាំងរៀបចំការដាក់ស្លាកសញ្ញា ឬគំនូសសញ្ញាចរាចរណ៍ តាមដងផ្លូវ ឬតាមតំបន់គ្រោះថ្នាក់ឱ្យបានត្រឹមត្រូវ៕