រដ្ឋបាលឃុំស្រើង បានដឹកនាំសហការីចុះដល់គេហដ្ឋានផ្ទាល់របស់គ្រួសារមួយសម្រាលបានកូនភ្លោះស្រី៣នាក់ ដើម្បីចុះសៀវភៅអត្រានុកូលដ្ឋានសំបុត្រកំណើត

0

កំពង់ធំ÷ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ លោក យឹង ម៉ាណែត មន្ត្រីអត្រានុកូលដ្ឋានឃុំ និងជាមេឃុំស្រើង បានដឹកនាំក្រុមការងារ ចុះដល់គេហដ្ឋានផ្ទាល់ដែលស្ត្រីសម្រាលបានកូនភ្លោះស្រី៣នាក់ ដើម្បីចុះសៀវភៅអត្រានុកូលដ្ឋានសំបុត្រកំណើត ផ្តល់ជូនគ្រួសារឈ្មោះ ម៉ៅ គន្ធា (ប្ដីប្រពន្ធ) ដែលបានសម្រាលកូនស្រីភ្លោះ ៣នាក់ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ប្រកបដោយសុវត្ថិភាពមានសុខភាពល្អទាំងម្ដាយទាំងកូន ស្ថិតនៅភូមិថ្មី ឃុំស្រើង ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។

លោក យឹង ម៉ាណែត មេឃុំស្រើង បានលើកឡើងថា ស្ត្រីគឺជាមាតាពិភពលោកតែងតែមានចិត្តធ្ងន់ទៅលើបុត្រាបុត្រី ដើម្បីកូនចៅរបស់ខ្លួនមានសុភមង្គល និងចូលរៀនបានគ្រប់ៗគ្នា ចូលរួមកសាងប្រទេសជាតិឱ្យមានការរីកចម្រើន។ ជាមួយគ្នានេះផងដែរ ស្ត្រីដែលទើបសម្រាលកូនបានកូនភ្លោះ៣នាក់ យកចិត្តទុកដាក់ថែរក្សាកូនឱ្យបានល្អ និងមានសុខភាពមាំមួន ពិសេសបើមានបញ្ហាដល់សុខភាពសូមអញ្ជើញទៅពិគ្រោះជាមួយគ្រូពេទ្យ ឬទៅមណ្ឌលសុខភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីការពារដល់អាយុជីវិតទារក។

បន្ទាប់មកលោកមេឃុំស្រើង បានដឹកនាំក្រុមការងារឃុំអមដំណើរលោក អៀវ ឆេងប៉ាវ មន្ត្រីការិយាល័យទូរគមនាគមន៍ស្រុកប្រាសាទសំបូរ ចុះពិនិត្យផ្លូវលំក្រាលក្រួសក្រហមរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន០៤ខ្សែ ចន្លោះពីភូមិមួយទៅភូមិមួយក្នុងឃុំស្រើង មានដូចជា÷១. ភូមិជាំបឹង ទៅភូមិអន្លង់ស្លែងប្រវែង១៧០០ម៉ែត្រ។
២. ភូមិជាំបឹង ទៅភូមិបឹងខ្វែកប្រវែង១៥០ម៉ែត្រ។ ៣. ភូមិបេង ទៅភូមិអន្លង់ស្លែងប្រវែង២៥០០ម៉ែត្រ។ ៤. ភូមិជាំបឹង ទៅភូមិទឹកអណ្តូង(លិចស្ពាន)ប្រវែង៤០ម៉ែត្រ។

លោក យឹង ម៉ាណែត មេឃុំស្រើងង ក៏បានអំពាវនាវដល់បងប្អូនដែលរស់នៅតាមដងស្ទឹងសែន សូមមានមេត្តាប្រុងប្រយ័ត្នចំពោះកុមារតូច និងចាស់ជរា ព្រោះឥឡូវទឹកស្ទឹងសែនកំពុងតែហក់ឡើងខ្លាំង និងត្រៀមសម្រាប់រកទីទួលសុវត្ថិភាពនៅក្នុងឃុំរបស់ខ្លួនផងដែរ។(សរសេរអត្ថបទដោយលោកធូ កែវមុន្នី)