ពលរដ្ឋនាំគ្នាបិទផ្លូវជាតិលេខ៣៣មិនអោយយានយន្តឆ្លងកាត់ ខណ:រថយន្តបើកបោះពួយបង្ហុយដីគ្រប់ពេល

0

ខេត្តកំពត: ស្របពេលផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ឆ្ពោះទៅថ្នល់បំបែកគុស ត្រូវបានជួសជុលដោយក្រុមហ៊ុនចិននោះ គេកត់សម្គាល់ឃើញមានរថយន្តបាញ់ទឹកបន្សើមដីគ្រប់ពេល ប៉ុន្តែអំឡុងពេលចុងក្រោយនេះ គេហាក់ពុំសូវឃើញមានរថយន្តដឹកទឹកទៅបាញ់បន្សើមផ្លូវទៀតទេ ដែលជាហេតុបណ្តាលអោយផ្លូវដែលទើបតែចាក់ដីក្រួសក្រហមថ្មីៗ មានសភាពហុយទ្រលោម បង្កផលរំខានដល់ពលរដ្ឋដែលមានលំនៅដ្ឋានជាប់នឹងដងផ្លូវគ្រប់ពេលវេលា។

ដោយសារបញ្ហា ផលរំខានដីហុយនៅលើដងផ្លូវបែបនេះ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆំាំ២០២៣ ពលរដ្ឋដែលរស់នៅជាប់ចិញ្ចើមផ្លូវជាតិលេខ៣៣(កំពត-កែប) ត្រង់ចំណុចភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត កំពុងមានប្រតិកម្មយ៉ាងខ្លាំង ដោយពួកគាត់បាននាំគ្នាយកធុងទឹកមកធ្វើជារនាំង បាំងបង្ខាំងមិនអោយយានយន្ត តូច ធំបើកបរឆ្លងកាត់ឡើយ ដែលបណ្តាលអោយកកស្ទះចរាចរមួយអន្លើ។

បើផ្អែកតាមការលើកឡើងពីសំណាក់ពលរដ្ឋខាងលើបាននិយាយថា ពួកគាត់នាំគ្នាមកបិទផ្លូវបែបនេះដោយ ព្រោះតែចង់អោយអ្នកគ្រប់គ្រង ម៉ៅការជួសជុលផ្លូវជាតិលេខ៣៣ ពីខេត្តកំពត-កែប ជួយបាញ់ទឹកផ្សើមដីនៅត្រង់ចំណុចនេះផង ដើម្បីកុំអោយដីហុយបង្កបញ្ហាដល់សុខភាពបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមបណ្តោយផ្លូវ។ពលរដ្ឋខាងលើបានបញ្ជាក់ទៀតថា កាលពីទើបតែជួសជុលផ្លូវជាតិលេខ៣៣ដំបូង ខាងក្រុមហ៊ុនបានយកចិត្តទុកដាក់ ដោយយករថយន្តមកបាញ់ទឹកនៅលើដងផ្លូវជាហូរហែរ ប៉ុន្តែរយ:ពេលចុងក្រោយនេះ បែរជាមិនដែលឃើញស្រមោលរថយន្តដឹកទឹកមកបាញ់បន្សើមដីផ្លូវនោះទៀតទេ ដែលជាហេតុធ្វើអោយទីតាំងផ្លូវជាតិលេខ៣៣គ្រប់ទីកន្លែង មានសភាពហុយទ្រលោម ខណ:មានរថយន្តធំ តូច បើកបរឆ្លងកាត់។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋដែលរស់នៅជាប់ដងផ្លូវខាងលើ រួមទាំងអ្នកធ្វើដំណើរតាមកង់ម៉ូតូ សំណូមពរដល់ក្រុមហ៊ុនម៉ៅការជួសជុលផ្លូវជាតិលេខ៣៣ គួរលៃលកប្រើរថយន្តបាញ់ទឹកផ្សើមដីនៅលើដងផ្លូវ យ៉ាងហោចណាស់ក៏បានមួយថ្ងៃបីទៅបួនលើកដែរ ធ្វើបែបនេះដើម្បីជៀសវាងការរំខាន និងប៉ះពាល់ដល់សុខភាព បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់នឹងដងផ្លូវជាតិផងដែរ៕ សេង ណារិទ្ធ