កំពង់ធំ÷ កម្លាំងអធិការដ្ឋាននគរបាលស្រុកបារាយណ៍សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំបល្ល័ង្ក ធ្វើការបង្ក្រាបក្រុមអ្នកញៀនល្បែងជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបានចំនួន០៦នាក់រួមទាំងម៉ូតូ២២គ្រឿង និងមាន់ជល់ចំនួន០៦ក្បាល និងសម្ភារ:ផ្សេងៗជាច្រើនទៀត។
ក្នុងការចុះបង្ក្រាបល្បែងជល់ មាន់ស៊ីសងខុសច្បាប់ខាងនេះធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៣:៣០នាទីរសៀលកន្លងទៅថ្មីៗនេះ កម្លាំងផែនព្រហ្មទណ្ឌ បូកកម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍បល្ល័ង្ក កម្លាំងសរុបចំនួន១៥នាក់ដឹកនាំដោយលោកវរសេនីយ៍ទោ ស ចំរើន ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ជល់មាន់) នៅចំណុចផ្ទះរបស់ឈ្មោះ ញ៉ែម ឃឿន ភេទប្រុស អាយុ៨០ឆ្នាំ ភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ករណីឃាត់ខ្លួនមនុស្សចំនួន០៦នាក់÷ ១.ឈ្មោះ ឈឹម កុសល់ ភេទប្រុសអាយុ៥២ឆ្នាំរស់នៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ(មានជំងឺបេះដូង)។ ២.ឈ្មោះ គ្រី រ៉ាហ្វាត ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រកបារាយណ៍ ខេត្តកំពង់ធំ។ ៣.ឈ្មោះ ឌុច ឈាន ភេទប្រុសអាយុ៤៣ឆ្នាំរស់នៅភូមិតាឌុក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ៤.ឈ្មោះ សេង ចំរើន ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិឃ្លៃ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ(យកកណ្ដៀវ ប្រុងកាប់លើសមត្ថកិច្ច)។ ៥.ឈ្មោះ សំ សឿង ភេទប្រុសអាយុ៥០ឆ្នាំរស់នៅភូមិបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
៦.ឈ្មោះ អ៊ឹង ម៉េងឃៀង ភេទប្រុសអាយុ៤៩ឆ្នាំរស់នៅភូមិបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ការដកហូតវត្ថុតាងរួមមាន÷ ១.ម៉ូតូចំនួន២២គ្រឿង(ម៉ាកហុងដាឌ្រីម០៧(១)គ្រឿង ម៉ាកហុងដាវេវ០៩(១) គ្រឿង ម៉ាកគុបជ្រុង០១គ្រឿង ម៉ាកគុបម៉ូល០១គ្រឿង យ៉ាម៉ាហា ស៊ីរួស០១គ្រឿង សង់កូរ៉េ០២គ្រឿង វីវ៉ា០១គ្រឿង)។ ២.មាន់ជល់ចំនួន៦ក្បាល ៣.ជញ្ចីងថ្លឹងមាន់ចំនួន០១គ្រឿង ៤.កន្រ្តក់ដាក់មាន់ចំនួន០៣ ៥. ស្បែកជើង៤គូរ ៦.ម៉ួកកូប៣ ៧.ជ័រសង្វៀនរុំធ្វើកន្លែងជល់មាន់១ជុំប្រវ៉ែង១០ម៉ែត្រ ៨.កំរាល១ផ្ទាំង។ ជនសង្ស័យទាំង០៦នាក់ខាងលើ រួមទាំងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕