(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចុះត្រួតពិនិត្យមើលការបង្កបង្កើនផលស្រូវមិនប្រកាន់រដូវរបស់បងប្អូនប្រជាកសិករ និងស្ថានភាពទឹកស្ទឹងស្ទោង នៅក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះលោក សាយ គឹមឡម សាទរក្រៃលែងចំពោះទិន្នផលស្រែស្រូវរបស់បងប្អូនប្រជាកសិករដែលទទួលបាននូវទិន្នផលខ្ពស់ ហើយតម្លៃទៀតសោតក៏មានតម្លៃខ្ពស់សមរម្យផងដែរ ដែលជាការជួយចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករ និងសេដ្ឋកិច្ចជាតិមួយកម្រិតថែមទៀត។
ជាមួយគ្នានេះលោកអភិបាលស្រុកស្ទោង ក៏បានអំពាវនាវដល់បងប្អូនប្រជាកសិករ សូមរូតរះក្នុងការប្រមូលផលដើម្បីចៀសវាងនូវការជន់លិចពីជំនន់ទឹកស្ទឹងស្ទោង និងជំនន់ទឹកភ្លៀងរដូវវស្សាប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកស្ទោងទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលរស់នៅសងខាងស្ទឹងស្ទោង សូមមានការប្រុងប្រយ័ត្នជំនន់ទឹកស្ទោង ដែលអាចហក់ឡើងខ្ពស់និងបង្កគ្រោះមន្តរាយផ្សេងៗ ដោយពុំបានដឹងមុនជាដើម ពីព្រោះការហក់ឡើងខ្ពស់នៅទឹកស្ទឹងស្ទោងផ្នែកខាងក្រោមអាងទឹក៣០កញ្ញាគឺ នឹងឡើងខ្ពស់និងបង្កគ្រោះលិចលង់នៅពេលណាដែលទឹកធ្លាក់ពីអាងទឹក៣០កញ្ញាមកខ្លាំង។
លើសពីនេះលោក សាយ គឹមឡម ក៏បានណែនាំដល់ប្រធានគណៈកម្មការគ្រប់គ្រងទឹកគ្រប់ឃុំ ត្រូវធ្វើការគ្រប់គ្រងនិងតាមដានជំនន់ទឹកស្ទឹងស្ទោង ក៏ដូចជាការគ្រប់គ្រងទ្វារទឹកឱ្យបានត្រឹមត្រូវក្នុងការបើករំដោះឲ្យបានទាន់ពេលវេលានៅពេលមានទឹកជំនន់ខ្លាំង និងត្រូវធ្វើការបិទជាបន្ទាន់នៅពេលដែលស្ថានភាពស្រកចុះលឿន ឬក៏ស្ថានភាពទឹកភ្លៀងឆាប់រាំងស្ងួត។
គួរបញ្ជាក់ផងដែរថានៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នេះស្ថានភាពទឹកស្ទឹងស្ទោងក៏ដូចជាអាងទឹក៣០កញ្ញា ពុំទាន់ស្ថិតដល់ក្នុងស្ថានភាពប្រកាសអាសន្ននៅឡើយទេ ហើយស្ថានភាពទឹកគឺពុំមានហក់ឡើងខ្ពស់ថែមទៀតដែរ គឺនៅនឹង។ (អត្ថបទរបស់លោក ឆុន ឆេងក្រឹម ពិនិត្យដោយលោក ធូ កែវមុន្នី)