ឃាត់ខ្លួនបានហើយកូនសិស្សលោក ដែលកាប់ព្រះសង្ឃនៅស្រុកស្ទោង បណ្តាលឱ្យរងរបួសធ្ងន់ ព្រោះតែរឿងទំនាស់ពាក្យសម្ដី

0

(កំពង់ធំ)÷ ក្រោយពីមានបទបញ្ជាលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ លោកវរៈសេនីយ៍ទោ ជឹម រីណា អធិការ(ស្តីទី)នគរបាលស្រុកស្ទោង បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ទ្រា និងប៉ុស្តិ៍កំពង់ចិនជើង រួមទាំងកម្លាំងប្រជាការពារ បង្រ្កាបឃាត់ខ្លួនបានជនសង្ស័យម្នាក់ ពីបទករណីហិង្សាដោយចេតនា។

គួររំលឹកផងដែរនៅម៉ោងប្រមាណ២៣:៥៥នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣!នៅចំណុចចវត្តស្ពឺជើង ស្ថិតនៅភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីអំពើហិង្សាមួយបង្កឡើងដោយជនសង្ស័យឈ្មោះ មី ម៉ៃ ភេទប្រុស មានមុខរបរជាកូនសិស្សលោក អាយុ២០ឆ្នាំ ស្នាក់ក្នុងវត្តស្ពឺជើង ក្នុងភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ  ស្រុកកំណើតនៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង  ខេត្តកំពង់ធំ បានយកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ផាន សុភាក់ ភេទប្រុស អាយុ៣២ឆ្នាំ ជាព្រះសង្ឃគង់នៅក្នុងវត្តស្ពឺជើង ស្ថិតនៅក្នុងទីតាំងភូមិ/ឃុំ ខាងលើ។

តាមរបាយការណ៍លោកវរៈសេនីយ៍ទោ ជឹម រីណា អធិការ(ស្តីទី)នគរបាលស្រុកស្ទោង បានបញ្ជាក់ដឹងថា៖ មូលហេតុជនសង្ស័យមានទំនាស់ពាក្យសំដីជាមួយជនរងគ្រោះទើបបណ្តាលឱ្យកើតហិង្សាតែម្តង។ ប្រភពដដែលបន្តថាករណីនេះសមត្ថកិច្ចកិច្ច បានចុះទៅដល់កន្លែងកើតហេតុពិនិត្យ ជាក់ស្តែងក្នុងនោះជនរងគ្រោះរបួសធ្ងន់ធ្ងរ០៤កន្លែង និងបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់។

សូមបញ្ជាក់ថាលុះដល់ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៧.៥១នាទី ទើបឈានដល់ការបង្រ្កាបឃាតខ្លួនជនសង្ស័យបាន នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិស្លា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។អត្ថបទរបស់លោក ធូ កែវមុន្នី