កំពង់ធំ÷ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជន កម្ពុជាខេត្ត រួមជាមួយអាជ្ញាធរដែនដីបណ្ដាមន្ទីរ អង្គភាព ស្ថាប័ន ដែលមានការពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យឡើងវិញអំពីការគ្រប់គ្រងដីសម្បទានសង្គមកិច្ច នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនកន្លងមក សម្រាប់ត្រៀមបន្តផ្ដល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះពិតប្រាកដនៅក្នុងខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អនុវត្តតាមប្រសាសន៍ណែនាំ និងបទបញ្ជារបស់ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍កត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងប្រសាសន៍ណែនាំរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក្នុងការគ្រប់គ្រងថែរក្សាដីសម្បទានសង្គមកិច្ច ដែលរាជរដ្ឋាភិបាលបានប្រគល់ជូននាពេលកន្លងមក ដើម្បីបន្តត្រៀមផ្ដល់ជូនដល់បងប្អូនអតីតយុទ្ធជនដែលគ្មានដីគ្មានផ្ទះរស់នៅពិតប្រាកដ ដើម្បីបងប្អូនបានកសាងជីវភាពថ្មីសមស្របនិងគុណបំណាច់ដែលបានខិតខំលះបង់សាច់ស្រស់ ឈាមស្រស់រួមចំណែក ជាមួយសម្ដេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ ។
ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ជូនថា កន្លងមកសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានសម្រេចសាងសង់ផ្ទះចំនួន១៤១ខ្នងផ្ទះ និងបានប្រគល់ដីសម្បទានសង្គមកិច្ចក្នុងមួយគ្រួសារចំនួនមួយហិចតាកន្លះ ជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅតាមបណ្ដាស្រុក.ក្រុងទូទាំងខេត្ត ដើម្បីមករស់នៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំរួចមកហើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនដល់អាជ្ញាធរដែនដី បណ្ដា មន្ទីរ ស្ថាប័ន ដែលមានការពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រងថែរក្សាដីសម្បទានសង្គមកិច្ច ដែលពុំទាន់បានបែងចែកជូនបងប្អូនអតីតយុទ្ធជន ឲ្យបានគង់វង្ស ដើម្បីត្រៀមបន្តផ្ដល់ជូនក្រុមគ្រួសារអតីតយុទ្ធជនរបស់យើង ដែលមានជីវភាពលំបាកខ្វះខាតនៅពេលខាងមុខទៀត តាមបទបញ្ជារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍គតិសិង្ហបបណ្ឌិត គន់ គីម និងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ៕