លោកជំទាវ ខូវ សាង លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ត្រូវប្រើប្រាស់ទឹកដោយការសន្សំសំចៃ ដើម្បីឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុនៅកម្ពុជា និងសកល

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ខូវ សាង អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងតំណាងដៃគូអង្គការនានានិងលោក សួគ៌ ប៊ុនធង  អភិបាលរងស្រុកស្ទោង បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹកនៅក្នុងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងជម្រើសដឹកនាំដោយស្ត្រីដើម្បីបន្សាំ ទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។

ជាមួយនេះផងដែរលោកជំទាវ ខូវ សាង បានលើកឡើងថា គម្រោងអាងស្តុកទឹកសូឡានេះក្នុងគោលបំណងជួយគាំទ្រ និងបង្កើនលទ្ធភាពដល់ប្រជាកសិករក្នុងការទទួលបាននូវទឹកប្រើប្រាស់សម្រាប់ផលិតកម្មកសិកម្មការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ការបន្សាំនូវការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងសកល ព្រមទាំងរួមចំណែកកាត់បន្ថយចំណាយលើការប្រើប្រាស់ប្រេងឥន្ធនៈ អគ្គិសនី ជាពិសេសចូលរួមការពារនិងថែរក្សាបរិស្ថាន ថាមពលកើតឡើងវិញ ក៏ដូចជាការចូលរួមលើកកម្ពស់ស្ថាប័ន និងបរិយាប័ន្នផងដែរ។

លើសពីនេះទៅទៀត លោកជំទាវ ខូវ សាង អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំរុញដល់ក្រុមកាងារបណ្ដាញស្ត្រីឆ្នើម សហគមន៍ ជាពិសេសកុមារ និងបង្កើននូវសមត្ថភាពយល់ដឹងពីការប្រែប្រួលអាកាសធាតុ ភាពតក់ស្លុត ភាពតានតឹង និងស្វែងរកដំណោះស្រាយដើម្បីប្រសើរឡើងនៅជីវភាពរស់នៅរបស់ពួកគាត់ ក៏ដូចជាការទាមទារនូវយុត្តិធម៌ការប្រែប្រួល និងសមភាពយេនឌ័រគ្រប់កម្រិតថ្នាក់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាដើម។

គួរបញ្ជាក់ផងដែរថា គម្រោងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះអស់ទឹកប្រាក់ចំនួន១៥.៤៤៧ដុល្លារអាមេរិក ដែលដាក់ឱ្យដំណើរការប្រើប្រាស់សម្រាប់ ស្ថិតនៅភូមិចក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
*អត្ថបទរបស់លោក ឆុន ឆេងក្រឹម