ខេត្តព្រះវិហារ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប ចុះបង្ក្រាបអំពើជួញដូរគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីពីរនាក់ ដកហូតថ្នាំញៀន ៤៩២គ្រាប់ លុយឡាវ ទូរស័ព្ទ សម្ភារៈប្រើប្រាស់ និងវិចខ្ចប់មួយចំនួនទៀត នៅក្នុងប្រតិបត្តិការដែលបានធ្វើឡើង នៅម៉ោងជាង ៣រសៀល ថ្ងៃទី១៨កញ្ញា២០២៣ ស្ថិតនៅភូមិកំពង់ក្រសាំង ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ។
មន្ត្រីប្រឆាំងគ្រឿងញៀនខេត្តព្រះវិហារ បានបង្ហើបឲ្យដឹងថា នៅក្នុងការចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀននោះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅនឹងផ្ទះជនសង្ស័យឈ្មោះ លី ភៀន គឺ ១-ឈ្មោះ លី ភៀន ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរកសិករ និង ២-ឈ្មោះ ទុង លីម ភេទប្រុស អាយុ មុខរបរកសិករ។ ជនសង្ស័យទាំង២នាក់ រស់នៅភូមិកំពង់ក្រសាំង ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ។
ក្រោយការឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនទាំងពីរនាក់ សមត្ថកិច្ចដកហូតបានវត្ថុតាង ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ WY សង្ស័យជាសារធាតុញៀនចំនួន ៤៩២ គ្រាប់ ,លុយឡាវចំនួន ៤លាន(៤,០០០,០០០) គីប ,ទូរស័ព្ទចំនួន ០៣ គ្រឿង និងសម្ភារៈប្រើប្រាស់និងវិចខ្ចប់មួយចំនួនទៀតផងដែរ។
នៅក្នុងខណៈពេលនេះ ជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាង បាននិងកំពុងស្ថិតក្រោមការរក្សាទុក និងសាកសួរពីមន្ត្រីនគរបាលជំនាញ ដើម្បីចងក្រងសំណុំរឿង បញ្ជូនទៅតុលាការខេត្តព្រះវិហារ ចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ឡុង សំបូរ