ខេត្តព្រះវិហារ៖ អាវុធកែច្នៃខុសច្បាប់ ៧៦ដើម ត្រូវបានប្រជាពលរដ្ឋនាំយកមកប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងអធិការដ្ឋាននគរបាលស្រុកជ័យសែន ធ្វើការដកហូតបាន នៅក្នុងរយៈពេលជាងពីរសប្តាហ៍ នាខែកញ្ញា ឆ្នាំ២០២៣នេះ។
មន្ត្រីនគរបាលជំនាញខេត្តព្រះវិហារ បានឲ្យដឹងថា ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាល ឱ្យបានជោគជ័យ លោកឧត្ដមសេនីយ៍ទោ សួស សុខតារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹងបំផុត ឲ្យអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៨ និងមន្ត្រីនគរបាលជំនាញ ចុះធ្វើការអប់រំ និងស្រាវជ្រាវបង្រ្កាបបទល្មើស អាវុធកែច្នៃខុសច្បាប់គ្រប់ប្រភេទ ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។
មន្ត្រីនគរបាលដដែលបានបញ្ជាក់ថា ក្រោយទទួលបានការផ្សព្វផ្សាយពីមន្ត្រីនគរបាលជំនាញរួចមក អធិការដ្ឋាននគរបាលស្រុកជ័យសែន ទទួលបានអាវុធកែច្នៃច្រើនប្រភេទពីការប្រគល់ជូនរបស់ប្រជាពលរដ្ឋ និងបានធ្វើការដកហូតពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននោះផងដែរ ដែលអាវុធនោះមានរហូតដល់ទៅ ៧៦ដើម នេះបើគិតពីដើមខែកញ្ញា២០២៣ មកដល់គ្រាបច្ចុប្បន្ន។
មន្ត្រីនគរបាលជំនាញ មានសង្ឃឹមថា ប្រជាពលរដ្ឋដែលនៅបន្តលបលួចប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ នឹងមានការភ្ញាក់រលឹក ហើយនាំយកអាវុធដែលខ្លួនលាក់ទុកនោះ មកប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ជាបន្តបន្ទាប់ទៀត ដើម្បីរួមគ្នាអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព៕ដោយ៖ឡុង សំបូរ