(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងស្ទោងនៅក្នុងឃុំបន្ទាយស្ទោង និងឃុំរុងរឿង ស្រុកស្ទោងខេត្តកំពង់ធំ ដើម្បីត្រៀមបង្ការរកទីទួលសុវត្ថិភាពដល់មនុស្សនិងសត្វ។
នៅក្នុងឱកាសនោះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានធ្វើការណែនាំដល់លោកមេឃុំគ្រប់ឃុំ ត្រូវធ្វើការតាមដាន រាយការណ៍ជាបន្ទាន់ ជាប្រចាំនៅស្ថានភាពបច្ចុប្បន្នភាពទឹកជំនន់នៅក្នុងមូលដ្ឋានរបស់ខ្លួនមករដ្ឋបាលស្រុកឱ្យបានទៀងទាត់និងទាន់ពេលវេលា សម្រាប់ការពារអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ។ជាមួយគ្នានេះលោកអភិបាលស្រុក ក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នូវទឹកជំនន់ដែលអាចបង្កគ្រោះភ័យគ្រប់ពេលវេលា ដូចជាការលិចលង់ផលដំណាំផ្សេងៗ ការធ្វើឱ្យខូចផ្លូវលំ ផ្លូវជាតិ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឬអាចធ្វើឱ្យមនុស្សលង់ក៏មានដែរ។ ជាពិសេសត្រូវធ្វើការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នមើលថែកូនចៅតូចៗដែលចូលចិត្តលេងទឹកផ្ដេសផ្ដាស ឬទុកដាក់កូនចៅក្មេងៗនៅផ្ទះតែឯងដោយពុំមានមនុស្សចាស់នៅជាមួយដែលអាចរងហានិភ័យការលង់ទឹកកើតឡើងជាយថាហេតុ។
លើសពីនេះលោក សាយ គឹមឡម បានជំរុញដល់គ្រប់បណ្ដាឃុំត្រូវធ្វើការត្រួតពិនិត្យនូវប្រព័ន្ធលូដែលអាចកកស្ទះដោយសារសម្រាមផ្សេងៗ ត្រូវធ្វើការស្ដារនិងកាយបើកឡើងវិញឱ្យបានទូលំទូលាយដើម្បីរំដោះទឹកបានស្រកចុះលឿនក្នុងការជួយសង្គ្រោះផលដំណាំ និងហេដ្ឋារចារចនាសម្ព័ន្ធផ្សេងៗ ជាពិសេសស្រែស្រូវរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជនលិចបានទាន់ពេលវេលា។
លោកអភិបាលស្រុកស្ទោង បានលើកទឹកចិត្តដល់គ្រប់ឃុំដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ ត្រូវធ្វើការស្រង់ស្ថិតិ និងផលប៉ះពាល់ផ្សេងៗ ចំពោះហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនិងស្រែស្រូវរបស់កសិករនិងផលប៉ះពាល់ផ្សេងៗដោយសារទឹកជំនន់និងធ្វើការរាយការណ៍ជាបន្ទាន់មករដ្ឋបាលស្រុក។
គួរបញ្ជាក់ផងដែរថានៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះនៅស្ថានីយទឹកស្ទឹងស្ទោងមានកំពស់ ៥,៥៥ម៉ែត្រ គឺហក់ឡើងខ្ពស់ជាងពីថ្ងៃម្សិលមិញ ០,០១ម៉ែត្រ ហើយចំណុចត្រូវប្រកាសអាសន្នគឺ ៥,៨ ម៉ែត្រផងដែរ។*អត្ថបទរបស់លោក ឆុន ឆេងក្រឹមពិនិត្យដោយលោក ធូ កែវមុន្នី