(កំពង់ធំ)÷ ដោយគោរពអនុវត្តន៍តាមសេចក្ដីអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីណែនាំរបស់ឯកឧត្ដមមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ។ នៅវេលាម៉ោង៧:០០ ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ នៅក្នុងសម័យប្រជុំលើកទី ៤៥ នៅឯទីក្រុងរីយ៉ាត នៃប្រទេសអារ៉ាប៊ីសាអូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដែលពិធីអបអរសាទរនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអានសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើជូនជនរួមជាតិកម្ពុជា អំពីមហាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ជាតិយើងនៅលេីឆាកអន្តរជាតិដែលត្រូវបានអង្គការយូនីស្កូ សម្រេចដាក់បញ្ចូលរម្មណីដ្ឋាន ប្រាសាទកោះកេរ នៅពេលនេះ ដែលនេះជាការកើតចេញមកពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយវិរភាព ក្រោមម្លប់នៃសុខសន្តិភាព និងសមិទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
នៅក្នុងឱកាសនេះដែរ នៅវេលាម៉ោង៧:០០នាទីព្រឹក នៅថ្ងៃខែឆ្នាំដដែល បន្ទាប់ពីអានសារៈលិខិតជូនជនរួមជាតិកម្ពុជារបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត រួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ រួមជាមួយកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានវាយជួង ទូងស្គរ គ្រវីទង់ជាតិ និងស្រែកជ័យឃោស ដើម្បីអបអរសាទរយ៉ាងមហោឡារិក ចំពោះជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពេលនេះ ផងដែរ ។
ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាននាយទាហានរងនិងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តជ្ញាចិត្តដាច់ខាតក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រថែរក្សាឲ្យបាននូវសុខសន្តិភាព និងការពារឲ្យបានដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
*អត្ថបទរបស់តំបន់សឹករងកំពង់ធំ