រដ្ឋបាលស្រុកស្ទោង ប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ្តិ៍ជា បេតិកភណ្ឌពិភពលោក

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣
នៅវេលាម៉ោង៧:០០នាទីព្រឹក នៅសាលាស្រុកស្ទោង ខេត្តកំពង់ធំ រដ្ឋបាលស្រុកស្ទោង បានអញ្ជើញការចូលរួមរបស់ការិយាល័យ អង្គភាពជុំវិញចំណុះសាលាស្រុកស្ទោង បានប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ្តិ៍ជាបេតោកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាត ដោយអង្គការ UNESCO។

 ការប្រារព្ធពិធីនេះ គឺជាការអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការដឹងគុណនូវការខិតខំប្រឹងប្រែងរបស់មហាបុព្វបុរសខ្មែរដែលបានបន្សល់ទុកនូវប្រាង្គប្រាសាទច្រើនរាប់មិនអស់ដែលមានតម្លៃមិនអាចគណនាបានដូចជា “ប្រាសាទកោះកេរ្តិ៍ ”  ដែលស្ថិតនៅក្នុងខេត្តព្រះវិហារដ៏មហាអស្ចារ្យមួយនេះ។

ហេតុនេះហើយក្នុងនាមយើងជាកុលបុត្រខ្មែរជំនាន់ក្រោយ ត្រូវនាំគ្នាថែរក្សានូវបេតិកភណ្ឌជាតិនិងប្រាង្គប្រាសាទសិលានានា ជាពិសេសប្រាសាទអង្គរវត្ត ប្រាសាទសំបូរព្រៃគុក ប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ្តិ៍ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកទាំង៤ របស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានអង្គការ UNESCO ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌនិងសហការ ថែរក្សា ជាសម្បត្តិមនុស្សជាតិតទៅ។

គួរបញ្ជាក់ផងដែរថា តំបន់រមណីយដ្ឋានប្រាសាទកោះកេរ្តិ៍  ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកដោយអង្គការ UNESCO នៅទីក្រុងរីយ៉ាត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ជាសម្បត្តិបេតិកភណ្ឌពិភពលោកទី៤ របស់ព្រះរាជាណាចក្រកម្ពុជាយើង។សរសេរអត្ថបទដោយលោក ឆុន ឆេងក្រឹម