(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម បានដឹកនាំក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យឯកទេសជំងឺផ្សេងៗ នៃមន្ទីរពេទ្យទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកព្យាបាលជំងឺ ផ្តល់ថ្នាំពេទ្យ និងអំណោយមនុស្សធម៌មួយចំនួន ជូនដល់យោធិន គ្រួសារយោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត នៅក្នុងខេត្តកំពង់ធំ ចំនួន៣០០នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
លោកវរសេនីយ៍ឯក ជិន វ៉ាន់ចាយ អនុប្រធាន នយោបាយ នៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម និងជាប្រធាន ប្រតិភូ បានបញ្ជាក់ថា យោងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងកងទ័ពប្រជាជនវៀតណាម នៃបញ្ជាការដ្ឋានទីក្រុងហូជីមិញ និងកងយោធពលខេមរភូមិន្ទ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ក្នុងវិស័យមនុស្សធម៌ និងការងារសុខុមាលភាពទូទៅក្នុងការជួយគ្នាទៅវិញទៅមក ទើបថ្ងៃនេះដែលជាថ្មីម្តងទៀត បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ បានដឹកនាំក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យជំនាញចំនួន៣០ នាក់ មកពីមន្ទីរពេទ្យនៃទីក្រុងហូជីមិញដើម្បីជួយព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន និងប្រជាពលរដ្ឋនៅជុំវិញទីតាំងបោះទ័ព ព្រមទាំងផ្ដល់ថ្នាំពេទ្យ និងឧបត្ថម្ភជំនួយមនុស្សធម៌មួយចំនួនផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ និងក្រុមគ្រូពេទ្យឯកទេសជំនាញនៃទីក្រុងហូជីមិញ ដែលតែងតែបានដឹកនាំក្រុមគ្រូពេទ្យមកជួយព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅជុំវិញទីតាំងបន្ទាយជាច្រើនលើករួចមកហើយ ។ ហើយ ថ្ងៃនេះក៏បានបន្តកិច្ចការងារមនុស្សធម៌នេះជាថ្មីទៀត ។
នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោសោម ស៊ុន ក៏បានអំពាវនាវដល់កងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលបានអញ្ជើញមកព្យាបាលជំងឺនៅពេលនេះ ត្រូវខឹតខំថែរក្សាសុខភាព និងត្រូវអនុវត្តតាមណែនាំរបស់ក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យក្នុងការប្រើប្រាស់ឱសថសម្រាប់ការព្យាបាលជំងឺឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា ។