កំពង់ធំ÷ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ និងកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងស្ទឹងស្ទោង ចំនួន ១០គ្រួសារ នៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសនេះលោក សាយ គឹមឡម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកស្ទោងទាំងមូល សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់ស្ទឹងស្ទោង ដែលកំពុងតែជនឡើងខ្លាំងនៅក្នុងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយ ស្ថានភាពទឹកនិងបន្តហក់ឡើងថែមទៀតក្នុងរយៈកាល២ឬ៣ថ្ងៃខាងមុខនេះថែមទៀត។
ក្នុងឱកាសនេះដែរលោកអភិបាលស្រុកស្ទោង ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ សុខមាលភាពជីវភាព បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នានៅក្នុងគ្រាលំបាក ជាពិសេសនៅក្នុងគ្រោះទឹកជំនន់ ក៏ដូចជាគ្រោះធម្មជាតិផ្សេងៗ។
លើសពីនេះទៀត លោក សាយ គឹមឡម ក៏បានណែនាំដល់អាជ្ញាធរគ្រប់ឃុំ សូមធ្វើការយកចិត្តទុកដាក់ដល់ស្ថានភាពនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងតែប្រឈមនិងគ្រោះទឹកជំនន់នៅក្នុងឆ្នាំនេះ ហើយត្រូវស្រង់ស្ថិតិនិងធ្វើបច្ចុប្បន្នភាពផលប៉ះពាល់ទាំងផ្នែកស្រែស្រូវចំការ ផ្លូវលំ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក៏ដូចជាគ្រួសារដែលរងដោយសារទឹកជំនន់នៅក្នុងឆ្នាំនេះ ហើយកងកម្លាំងទាំង៣ ក៏ត្រៀមខ្លួនជានិច្ច ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ជាពិសេសការជួយសង្គ្រោះប្រជាពលរដ្ឋដើម្បីរកទីទួលសុវត្ថិភាព។
គួរបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋទាំង១០គ្រួសារ ក្នុង១គ្រួសារៗទទួលបាននូវ÷ អង្ករ១បេ មី០១កេស និងទឹកស៊ីអ៊ីវ០១យួរ ហើយស្ថានភាពទឹកស្ទឹងស្ទោងនៅក្នុងអំឡុងពេល៤ថ្ងៃចុងក្រោយនេះគឺបន្តហក់ឡើងជាលំដាប់ហើយកម្ពស់ទឹកស្ទឹងស្ទោងនៅក្នុងថ្ងៃនេះគឺ ៥,៥៥ម៉ត្រ ដែលចំណុចប្រកាសអាសន្នគឺ ៥,៨០ម៉ែត្រ៕
ដោយលោក ឆុន ឆេងត្រឹម
កែសម្រួលដោយលោក ធូ កែវមុន្នី