បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រួតពិនិត្យកងកម្លាំងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ក្នុងពេលដែលទឹកស្ទឹងសែន ឈានចូលដល់លើសកម្រិតនៃការប្រកាសអាសន្ន 

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រកាសអាសន្នត្រួតពិនិត្យកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានភារកិច្ចត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះទឹកជំនន់ ក្នុងពេលដែលទឹកស្ទឹងសែនឈានដល់លើសកម្រិតប្រកាសអាសន្ន  ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកវរសេនីយ៍ទោ ស៊ុន សារិន នាយការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីស្ថានភាពទឹកជំនន់ដែលកំពុងតែជន់លិចនៅតាមបណ្ដាមូលដ្ឋានមួយចំនួននៅក្នុងខេត្តកំពង់ធំ និងបានរាយការណ៍អំពីផែនការ នៃការប្រើប្រាស់កងកម្លាំងអន្តរាគមន៍នៅតាមបណ្ដាអង្គភាពនីមួយៗក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋតាមបទបញ្ជា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងបទបញ្ជារបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដែលបានបញ្ជាឲ្យកងកម្លាំងរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រៀមកងកម្លាំងគ្រប់គ្រាន់និងមធ្យោបាយគ្រប់ប្រភេទ ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅក្នុងខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្រិតកម្ពស់ទឹកនៅតាមដងស្ទឹងសែន មានកម្ពស់រហូតដល់ទៅ ១៣ម៉ែត្រ៦០ សង់ទីម៉ែត្រ ដែលលើសពីកម្រិតនៃការប្រកាសអាសន្ន១០សង់ទីម៉ែត្រ ។ ចំពោះកម្រិតទឹកដែកត្រូវប្រកាសអាសន្ននៅតាមដងស្ទឹងសែន មានកម្ពស់ ១៣ម៉ែត្រ ៥០សង់ទីម៉ែត្រ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាឲ្យកងកម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវត្រៀមខ្លួននៅនឹងកន្លែង ព្រមទាំងមធ្យោបាយដឹកជញ្ជូន និងសម្ភារៈផ្សេងៗ សម្រាប់ធានាអាយុជីវិតក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់។ ជាមួយនោះដែរ ត្រូវសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីត្រៀមជួយដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពផងដែរ។
កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឲ្យទទួលបានជោគជ័យ ដើម្បីប្រជាជន ៕