អភិបាលស្រុកតាំងគោក ចុះចែករទេះរុញដល់បងប្អូនពិការនិងចាស់ជរា ដែលជាអំណោយរបស់ក្រុមគ្រួសារលោក លី គីមឆេង

0

កំពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី បានចុះចែកអំណោយសប្បុរសធម៌ដល់បងប្អូនពិការភាពចំនួន៤២នាក់មកពី៨ឃុំ នៃស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះលោក ហាក់ ម៉ុងហួត បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំ តែងតែដាស់តឿន និងផ្តល់ជាគំនិតឱ្យថ្នាក់ដឹកនាំភូមិ/ឃុំ/ស្រុក ត្រូវចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានតាមផ្ទះ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការផ្សេងៗ ងាយស្រួលក្នុងការស្វែងយន្ដការដោះស្រាយជាដើម។

លោកអភិបាលស្រុកតាំងគោក បានឱ្យដឹងថា ដោយមើលឃើញពីការលំបាក របស់បងប្អូនជនពិការក៏ដូចជាអាណាព្យាបាលដែល កំពុងចិញ្ចឹមបីបាច់កូនចៅពិការភាពរស់នៅក្នុងបន្ទុកលោក លី គីមឆេង និងក្រុមគ្រួសារ បានចូលរួមជាមួយអាជ្ញាធរក្នុងការចែកជូនជារទេះរុញដល់ជនពិការក្រីក្រ ដើម្បីជួយសម្រាលការលំបាកខ្លះជូនក្រុមគ្រួសារ និងសាមីខ្លួន។ ការចែកជូននាពេលនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹង រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ដោយបានចែងយ៉ាងច្បាស់អំពីការផ្តល់ជូនជនពិការ នូវសេវាសុខភាពប្រកបដោយគុណភាព និងសមត្ថភាព ព្រមទាំងស្តារលទ្ធភាពពលកម្ម កាយសម្បទា និងសតិបញ្ញា។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រួសារលោក លី គីមឆេង ដែលមានចិត្តសប្បុរសជួយដល់បងប្អូនពិការនាពេលនេះ ក៏ដូចជាកន្លងមកតែងតែចូលរួមជាមួយរដ្ឋបាលស្រុកនូវសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជាការរួមចំណែកក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ។

ក្រោយពីមានការចែកជូននូវអំណោយនេះ យើងសង្កេតឃើញ បងប្អូនជនពិការ និងក្រុមគ្រួសារ មានភាពសប្បាយរីករាយ ក្រៃលែងដែលនេះបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះជនពិការគ្រប់ប្រភេទដោយមិនទុកឱ្យពួកគាត់រស់នៅឯកានោះឡើយ។

សូមបញ្ជាក់ផងដែរថា អំណោយដែលចែកជូនចំនួន៤២  នាក់មកពី៨ឃុំនៃស្រុកតាំងគោក ក្នុង០១នាក់ទទួលបាន៖
រទេះរុញ១  ខោអាវចំនួន១កំប្លេ ភួយ១  ក្រម៉ា១ គ្រឿងឧបភោគ បរិភោគ មានត្រីខ០១យួរ ទឹកត្រី១យួរ មី០១ឡូ និងប៊ីចេង១កញ្ចប់ ព្រមទាំងថវិការ២៥,០០០រៀលផងែរ៕ អត្ថបទលោក មី សុម៉េង