កំពង់ធំ÷ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី ឡេង សុឃីម នាយិការងប្រតិបត្តសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមដំណើរដោយមន្ត្រីក្រុមប្រតិបត្តិសាខា និងមន្ត្រីអនុសាខាស្រុក សហការជាមួយមន្ទីរពេទ្យស្រុកប្រតិបត្តិខេត្ត ការិយាល័យស្រុកប្រតិបត្តិ
បារយណ៍-សន្ទុក និងមណ្ឌលសុខភាពឃុំក្រវ៉ា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ព្រមទាំងប្រជាពលរដ្ឋ បានចុះធ្វើយុទ្ធនាការដាក់ថ្នាំអាបែ៉ត រួមជាមួយការអប់រំផ្សព្វផ្សាយ ស្តីពីវិធីបង្ការការពារការឆ្លងរាលដាលនៃជំងឺគ្រុនឈាម តាមរយៈខិត្តប័ណ្ណរូបភាព និងណែនាំផ្ទាល់មាត់ជូនពលរដ្ឋតាមខ្នងផ្ទះបាន០២ភូមិរួមមាន÷ ១-ភូមិស្លាកែតបានចំនួន៣៥ខ្នងផ្ទះ ២-ភូមិក្រវ៉ា បានចំនួន៣៥ខ្នងផ្ទះដែលមានអ្នកចូលរួមចំនួន៧០នាក់។
ជាមួយនេះផងដែរលោកស្រី ឡេង សុឃីម នាយិការងប្រតិបត្តិសាខា ក៏ដូចជា ក្រុមការងារតែងបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់គិតគូរជាប្រចាំ ពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួនដោយត្រូវចូលរួមរក្សាអនាម័យបីប្រការ(ហូបស្អាត ផឹកស្អាត រស់នៅស្អាត) ឱ្យបានខ្ជាប់ខ្ជួន ក្នុងនេះត្រូវសំរាកក្នុងមុង ហើយសំអាតជុំវិញលំនៅដ្ឋានដោយប្រមូលដុតកំទេចចោលនូវវត្ថុដក់ទឹកទាំងឡាយ មានសំបកកំប៉ុង សំបកដូង កង់ឡានចាស់ៗ ដែលជាជម្រកដង្កូវទឹក ជម្រកមូសខ្លាញី ជាប្រភពចម្លង ជំងឺគ្រុនឈីក គ្រុនឈាម រួមជាមួយការដាក់ថ្នាំអាបែត ក្នុងអាង ឬពាងទឹកដែលមានគម្របជិតល្អ។
នាយិការងប្រតិបត្តិសាខា បានជំរុញលើកទឹកចិត្តត្រូវលើកកម្ពស់ការយល់ដឹង អំពីរោគសញ្ញា និងចូលរួមទប់ស្កាត់ការចម្លងនៃមេរោគអុតស្វា ដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានតាមរយ: ការប៉ះពាល់ដោយផ្ទាល់ជាមួយស្នាមមុខរបួស កន្ទួលពងបែក ឬក៏ប៉ះជាមួយសម្លៀកបំពាក់ ក្រណាត់កម្រាល ដែលមានប្រឡាក់ស្នាមឈាម ឬទឹករងៃ អ្នកផ្ទុកមេរោគ។
សូមបញ្ជាក់ផងដែរ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែអនុវត្តពីវិធានការក្នុងការចុះអប់រំផ្សព្វផ្សាយនេះ ហើយក្រុមការងារបានប្រើប្រាស់ថ្នាំអាបែ៉តអស់៤០គីឡូក្រាម ខិត្តប័ណ្ណខ្នាតតូចចំនួន៧០សន្លឹក និងផ្ដល់សាប៊ូដុសខ្លួនដល់អ្នកចូលរួមចំនួន៧០នាក់ផងដែរ។
អត្ថបទដោយលោក ធូ កែវមុន្នី