កំពង់ធំ÷ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះមូលដ្ឋានឃុំ អមដំណើរដោយលោកវរសេនីយ៍ទោ អ៊ុមឈាងលី មេបញ្ជាការផ្នែកសឹករងស្ទោង បានដឹកនាំសហការី នាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគ អំណោយសម្ដេចមហាបវរធិបតី ហ៊ុន ណែត និងលោកជំទាវ ពេជ ចន្ទមុន្នីទៅឧបត្ថម្ភជូនប្រជាជនក្រីក្រ ចាស់ជរាគ្មានទីពឹង និងជនពិការ ដែលរងផលប៉ះពាល់ដោយគ្រោះជំនន់ទឹកភ្លៀង នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្នុងរយៈពេលជិតមួយសប្តាហ៍កន្លងទៅនេះ ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នា បណ្ដាលឱ្យមានជំនន់ទឹកភ្លៀង ប៉ះពាល់ភូមិមួយចំនួនរបស់ឃុំបន្ទាយស្ទោង ព្រមទាំងប៉ះពាល់ដល់ផលដំណាំស្រូវមួយចំនួនផងដែរ។
នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី បានចុះសំណេះសំណាលសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះជំនន់ទឹកភ្លៀងនៅតាមខ្នងផ្ទះនីមួយៗ និងបាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលមានការខ្វះខាតរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ចំនួន៦គ្រួសារ នៅក្នុងភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស និងត្រីខកំប៉ុងចំនួន១យួរផងដែរ។
លោកយាយ លោកតា ចាស់ជរាគ្មានទីពឹង ជនពិការនិងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានជួយដោះស្រាយការលំបាកជូនពួកគាត់បានទាន់ពេលវេលា និងសូមគោរពជូនពរសម្ដេច លោកជំទាវ និងក្រុមការងារទាំងអស់ សូមទទួលបាននូវពុទ្ឋពរទាំងឡាយបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ។