ខេត្តកំពង់ធំ៖ នាយិការងប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ លោកស្រី ឡេង សុឃីម បានដឹកនាំក្រុមការងារខេត្ត មន្ទីរពេទ្យស្រុកប្រតិបត្តិខេត្ត ការិយាល័យស្រុកប្រតិបត្តិបារយណ៍-សន្ទុក មណ្ឌលសុខភាពឃុំក្រវ៉ា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ព្រមទាំងប្រជាពលរដ្ឋ ៧០នាក់ ចុះអប់រំ ផ្សព្វផ្សាយ ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាម ដាក់ថ្នាំអាប៊ែតតាមពាង អាង និងធុងទឹក ដើម្បីពង្រឹងការទប់ស្កាត់ការឆ្លងរាលដាលជំងឺគ្រុនឈាម នៅថ្នាក់មូលដ្ឋានឲ្យមានប្រសិទ្ធភាព នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ស្ថិតនៅក្នុងឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
នាយិការងប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ លោកស្រី ឡេង សុឃីម បានថ្លែងថា ការចុះធ្វើយុទ្ធនាការដាក់ថ្នាំអាប៊ែត រួមជាមួយការអប់រំ ផ្សព្វផ្សាយ ស្តីពីវិធីបង្ការការពារការឆ្លងរាលដាលនៃជំងឺគ្រុនឈាម តាមរយៈខិត្តប័ណ្ណរូបភាព និងណែនាំផ្ទាល់មាត់ ជូនប្រជាពលរដ្ឋនាពេលនេះ ក្រុមការងារបានធ្វើនៅតាមខ្នងផ្ទះ បាន ២ភូមិ ក្នុងនោះ ភូមិស្លាកែត ៣៥ខ្នងផ្ទះ និងភូមិក្រវ៉ា ៣៥ខ្នងផ្ទះ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ពលរដ្ឋ ឲ្យចេះប្រើប្រាស់ថ្នាំអាប៉ែត និងវិធីបង្ការការរីករាលដាលជំងឺគ្រុនឈាម ផងដែរ។
លោកស្រី ឡេង សុឃីម បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យយកចិត្តទុកដាក់គិតគូរជាប្រចាំ ពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ដោយត្រូវចូលរួមរក្សាអនាម័យ ៣ប្រការ (ហូបស្អាត ផឹកស្អាត រស់នៅស្អាត) ឱ្យបានខ្ជាប់ខ្ជួន ក្នុងនោះត្រូវសំរាកក្នុងមុង ហើយសំអាតជុំវិញលំនៅដ្ឋាន ដោយប្រមូលដុតកំទេចចោលនូវវត្ថុដក់ទឹកទាំងឡាយ មានសំបកកំប៉ុង សំបកដូង កង់ឡានចាស់ៗ ដែលជាជម្រកដង្កូវទឹក ជម្រកមូសខ្លាញី ជាប្រភពចម្លងជំងឺគ្រុនឈីក ជំងឺគ្រុនឈាម រួមជាមួយការដាក់ថ្នាំអាប៊ែត ក្នុងអាង ឬពាងទឹក ដែលមានគម្របបិទជិតល្អ។
លោកស្រី ឡេង សុឃីម បានថ្លែង លើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ស្វែងយល់ពីរោគសញ្ញាគ្រុនឈីក គ្រុនឈាម និងចូលរួមទប់ស្កាត់ការចម្លងនៃមេរោគអុតស្វា ដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ បានតាមរយ:ការប៉ះពាល់ដោយផ្ទាល់ ជាមួយស្នាមមុខរបួស កន្ទួល ពងបែក ឬក៏ប៉ះជាមួយសម្លៀកបំពាក់ ក្រណាត់ កម្រាល ដែលមានប្រឡាក់ស្នាមឈាម ឬទឹករងៃ អ្នកផ្ទុកមេរោគទាំងនោះ៕(ធូ កែវមុន្នី)