រដ្ឋបាលឃុំសាលាវិស័យ ខិតខំស្រាវជ្រាវស្វែងរកផលិតផលដែលជាសក្តានុពលរបស់ឃុំ ដើម្បីជំរុញនូវចលនា(ភូមិ១ ផលិតផល១) សំដៅបង្កើតការងារនៅមូលដ្ឋានផ្ទាល់ កាត់បន្ថយការធ្វើចំណាកស្រុក 

0

 (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ លោក ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ បានបង្ហាញអំពីទិសដៅការងារមួយចំនួន ដែលរដ្ឋបាលឃុំបានដាក់ចេញ សំដៅអភិវឌ្ឍឃុំឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ពិសេសលើកកម្ពស់កម្រិតជីវភាពរស់នៅប្រជាពលរដ្ឋ។

លោក ជិន ហ៉ីន គូសបញ្ជាក់ថា រដ្ឋបាលឃុំសាលាវិស័យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍឃុំ ឱ្យមានការរីចម្រើន ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ផ្នែកសេដ្ឋកិច្ច ផ្នែកសង្គមកិច្ច ផ្នែកបរិស្ថាន និងសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន ជាពិសេសការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ លោកមេឃុំលើកឡើងដូច្នេះក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី១៥ អាណត្តិទី៥ ស្ថិតនៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

លោកមេឃុំសាលាវិស័យបានបន្តថា រដ្ឋបាលឃុំបានខិតខំស្រាវជ្រាវ ស្វែងរកផលិតផលដែលជាសក្តានុពលរបស់ឃុំ ដើម្បីជំរុញនូវចលនា«ភូមិ១ ផលិតផល១» សំដៅបង្កើតការងារនៅមូលដ្ឋានផ្ទាល់ កាត់បន្ថយការធ្វើចំណាកស្រុក អភិវឌ្ឍនូវចំណេះដឹង និងបច្ចេកទេសដល់ប្រជាពលរដ្ឋ លើកស្ទួយផលិតផលខ្មែរ ទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ព្រមទាំងអាចទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ម៉្យាងទៀតលោក ជិន ហ៊ីន បានបន្តត្រូវអនុវត្តយ៉ាងម៉ឹងម៉ាត់ និងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ច្បាប់គោលនយោបាយ បទបញ្ជា លិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័ននានា។ ពង្រឹងប្រសិទ្ធិភាព ការគ្រប់គ្រងរដ្ឋបាលដែនដី អនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងចូលរួមអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

លោកបានបន្ថែមថា ការអភិវឌ្ឍវិស័យសេវាកម្ម និងវិស័យសាធារណៈ៖ ពង្រឹង និងពង្រីកការផ្តល់សេវារដ្ឋបាលឃុំ  តាមរយៈយន្តការច្រកចេញចូលតែមួយ។ អភិវឌ្ឍទីផ្សារសម្រាប់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរមានគុណភាព និងតម្លៃសមរម្យ។ អភិវឌ្ឍផ្សារឱ្យមានបរិស្ថានល្អ សម្រាប់ប្រជាជនធ្វើអាជីវកម្ម បង្កើនការគ្រប់គ្រងការលក់ដុំ លក់រាយទំនិញគ្រប់ប្រភេទឱ្យមានគុណភាព និងតម្លៃសមរម្យ។ ធ្វើយ៉ាងណាត្រូវអភិវឌ្ឍគោលដៅទេសចរណ៍សំខាន់ៗ៖ រៀបចំអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រ និងអភិវឌ្ឍសេវាទេសចរណ៍  កន្លែងកំសាន្ត ភោជនីយដ្ឋាន..) បានល្អប្រសើ បង្កើនផលិតផលទេសចរណ៍ ជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត ទីក្រុងបៃតង។ ព្រមទាំងការអភិវឌ្ឍវិស័យសង្គមកិច្ច បន្តជំរុញការអភិវឌ្ឍន៍វិស័យអប់រំ សុខាភិបាល សង្គមកិច្ច ដើម្បីឱ្យប្រជាជនមានចំណេះដឹង សុខុមាលភាពល្អប្រសើរ សម្រាប់ជាធនធានមនុស្សដ៏មានសក្តានុពលក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងអនុវត្តគោលនយោបាយគាំពារសង្គមនានារបស់រាជរដ្ឋាភិបាលក្នុងការជួយគាំទ្រឱ្យប្រជាជនរស់នៅមានជីវភាពល្អប្រសើរ។

ជាចុងក្រោយលោក ជិនហ៊ីន មេឃុំសាលាវិស័យ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរ ប៉ុស្តិ៍នគរបាលរដ្ឋបាល សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ  រួមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធភាពក្នុងការចូលរួមគាំទ្រគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា  ថែមទាំងចូលក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុខសន្តិភាព ការបម្រើសេវាសាធារណៈបានល្អ និងបានកសាងសមិទ្ធផលនានានៅតាមមូលដ្ឋានលេចជារូបរាង្គ ដែលជាការរួមចំណែកឲ្យឃុំសាលាវិស័យមានភាពរីកចម្រើន៕
អត្ថបទដោយលោក ឆាត វ៉ិត