កំពង់ចាម: ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដា្ឋន ស្រាវជ្រាវ-ចារកិច្ច និងជាមេបញ្ជាការរងបញ្ជាការដា្ឋនកងទ័ពជើងគោក បានថ្លែងថា លោកគ្រូ អ្នកគ្រូ គឺជាបណ្ណាល័យចំណេះដឹង ដែលយើងត្រូវការបន្ថែមធ្វើការបង្កើនសមត្ថភាព ទាំងចំណេះដឹង និងចំណេះធ្វើ បន្ថែមទៀត ដេីម្បូីបង្កើនមធ្យោបាយលទ្ធភាព ឬក៏បច្ចេកទេស ដេីម្បីផ្ទេរចំណេះដឹងរបស់យើងទៅឱ្យក្មួយៗ សិស្សានុសិស្ស ។ ការថ្លែងបែបនេះក្នុងពិធីសម្ពោធសមិទ្ឋផលនានា នៅវិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ ស្ថិតក្នុងឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ។
ក្នុងពិធីនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលជាឪពុកម្ដាយទីពីរ របស់សិស្សានុសិស្ស ដែលបានធ្វើការលះបង់គ្រប់បែបយ៉ាង ទាំងការអត់ធ្មត់ និងការស៊ូទ្រាំ ដេីម្បូីបណ្តុះបណ្តាលធនធានមនុស្សរបស់យើង ក៏ដូចជាការចែករំលែកនូវចំណេះដឹងទៅដល់ក្មួយៗ ជំនាន់ក្រោយ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។
មេបញ្ជាការរងកងទ័ពជើងគោក បានបន្តថា គ្មានពេលណាសប្បាយ គ្មានពេលណាស្រួលជាងពេលធ្វើជាសិស្សនោះទេ យើងត្រូវការយកឱកាស ដើម្បីស្រួបយកចំណេះដឹង ពេលដែលចេញពីវិទ្យាល័យ យើងត្រូវទៅរៀននៅមហាវិទ្យាល័យ មានការលំបាកមួយកម្រិតទៀត បេីប្រៀបធៀបជាមួយនឹងវិទ្យាល័យ ដោយសារយើងទៅឆ្ងាយពីឪពុកម្ដាយ ប៉ុន្តែក៏នៅតែជាពេលវេលាដែលស្រួលក្នុងជីវិតដដែល ពេលដែលយើងចេញទៅធ្វើការ ទេីបដឹងថាមានការលំបាក គ្រាន់តែចេញទៅរកការងារធ្វើ ក៏មានលំបាកដែរ ដោយសារមានការប្រកួតប្រជែងគ្នាច្រើនណាស់នៅក្នុងសង្គមរបស់យើង។
ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានសង្កត់ធ្ងន់ថា ដេីម្បីមានលទ្ធភាពក្នុងការប្រកួតប្រជែងរកការងារបាន គឺយើងខ្លួនឯងនឹងហើយ ដែលត្រូវការមានសមត្ថភាពគ្រប់គ្រាន់ មានទាំងចំណេះដឹង មានទាំងចំណេះធ្វេីច្បាស់លាស់ ដើម្បីជ្រែរកការងារធ្វើ ដូច្នេះសូមឱ្យក្មួយៗ ខំប្រឹងប្រែងយកឱកាសស្រួបយកចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ធ្វើជាទុន ដើម្បីជាការរីកចម្រើនខ្លួនយើងទៅថ្ងៃអនាគត ។
បេីតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានឱ្យដឹងថា អគារសិក្សាក្នុងស្រុកជើងព្រៃ សរុបចំនួន ១៥១ខ្នង ស្មើនឹង ៦២៣បន្ទប់ ក្នុងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយសាងសង់អគារសិក្សាសរុបចំនួន ២៤ខ្នង ស្មើនឹង ១៥១បន្ទប់។ ចំពោះវិទ្យាល័យ ហ៊ុន សែន ផ្ដៅជុំ នៅឆ្នាំ២០២២ បានកសាងអគារចំនួន ៣ខ្នង ក្នុងនោះ បន្ទប់កាត់ដេរ២ បន្ទប់កុំព្យូទ័រ២ បន្ទប់ពិសោធន៍២ សាលប្រជុំ១ បណ្ណាល័យសត្តវត្តទី២១ ចំនួន១ បន្ទប់អាហារសម្រន់១ ផ្ទះគ្រូចំនួន ១ខ្នង ៣បន្ទប់ ទីលានកីឡាបាល់បោះ១. អណ្ដូងទឹក១ បន្ទប់ទឹក ១ខ្នង ចំនួន ៥បន្ទប់ បណ្ណាល័យ ១ខ្នង ព្រមទាំងបំពាក់សង្ហារឹម សម្ភារពិសោធន៍ និងសៀវក្នុងបណ្ណាល័យ អស់ទឹកប្រាក់ចំនួន ៩១៤.២៧៣,៣២$ ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន។ ហេីយនៅឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ និងប្រធានក្រុមយុវជនបង្គោល ចុះជួយស្រុកជើងព្រៃ បានសាងសង់ឡដុតសម្រាមចំនួន១ អស់ថវិកា ២,០០០ដុល្លា ផងដែរ ៕