ករណីកុមារលង់ទឹក២នាក់ ទៅតាមឪពុកបង់សំណាញ់ ដោយការធ្វេសប្រហែសពីឪពុក កុមារទំាង២ចុះលេងទឹកនៅមុខលូបណ្តាលឱ្យទឹកហូរគួចចូលលូបាត់រយ:ពេល១ម៉ោងទើបរកឃើញសព

0

កំពង់ធំ÷ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ មានករណីកុមារលង់ទឹកស្លាប់ចំនួន២នាក់ដូចមានឈ្មោះសពខាងក្រោម÷១.សពកុមារ ឈ្មោះ សារុន ធារាជ ភេទប្រុស អាយុ០៨ឆ្នាំ ឪពុកឈ្មោះឃាន់ សារុន អាយុ២៩ឆ្នាំ ម្ដាយឈ្មោះឃាន់ ចំរើនអាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ២.សពកុមារ ឈ្មោះ ឃាន់លីនដា ភេទប្រុស អាយុ១២ឆ្នាំ ឪពុកឈ្មោះខន សុឃាន់ អាយុ៣៦ឆ្នាំ ម្ដាយឈ្មោះ តុំ អុង អាយុ៣៩ឆ្នាំ រស់នៅភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

តាមរបាយការណ៍របស់លោក ឃួន វុទ្ធី អធិការនគរបាលស្រុកប្រាសាទសំបូរបានបញ្ជាក់ថា ករណីកុមារលង់ទឹកទាំង២នាក់ដោយមូលហេតុទៅតាមឪពុកបង់សំណាញ់ ដោយសារឪពុករវល់តែបង់សំណាញ់ពីមួយកន្លែងទៅមួយកន្លែង ដោយការធ្វេសប្រហែសពីឪពុកកុមារទំាង២ បានចុះលេងទឹកនៅមុខលូបណ្តាលឱ្យទឹកហូរគួចចូលលូបាត់រយ:ពេល១ម៉ោងទើបរកឃើញសព ដែលមានទីតាំងនៅខាងជើងភូមិចារ្យ ឃុំសំបូរ ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។

ក្រោយពីសមត្ថកិច្ចពិនិត្យសពកុមារទាំង២រួចមក បញ្ជាក់ថាកុមារទាំង២នាក់នេះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ហើយសពក៍បានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។*សរសេរអត្ថបទដោយលោក ធូ កែវមុន្នី