ព្រះសុខាចារ្យ ណំ សុភ័ក្ត្រា បាននិមន្តចូលរួមចែកសៀវភៅសិក្សាដល់សិស្សានុសិស្សរៀននៅសាលាអនុវិទ្យាល័យព្រៃព្រាលចំនួន២៥៣នាក់

0

កំពង់ធំ÷កម្មវិធីចែកសៀវភៅដល់សិស្សានុសិស្សនៅអនុវិទ្យាល័យព្រៃព្រាល ក្រោមធិបតីភាពព្រះសុខាចារ្យ ណំសុភ័ក្ត្រា ព្រះរាជាគណថ្នាក់កិត្តិយស ជាឧត្តមទីប្រឹក្សាគណសង្ឃនាយកគណមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះគ្រូវិរិយៈធម្មគុម្ពព្រះអនុគណស្រុកកំពង់ស្វាយ និងជាព្រះចៅអធិការវត្តមុនីរង្សី(ហៅ)វគ្គថ្មី និងផ្សព្វផ្សាយព្រះធម៌អប់រំផ្លូវចិត្តតាមគន្លងព្រះពុទ្ធសាសនាដល់សិស្សានុសិស្សដើម្បីបំផុសស្មារតីយុវជនជំនាន់ក្រោយឱ្យយល់កាន់តែច្បាស់អំពីគុណូប្បការៈរបស់មាតាបិតា លោកគ្រូអ្នកគ្រូ ដែលមានគុណមិនអាចកាត់ថ្លៃបាន និងចូលរួមចំណែកឱ្យយុវជនក្លាយជាទំពាំងស្នងឬស្សីជាបុគ្គលល្អក្នុងសង្គមជាតិ។

កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី ព្រះសង្ឃលោកគ្រូអ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលា ឪពុកម្ដាយសិស្ស និងសិក្សានុសិស្សាចំនួន២៥៣នាក់ ស្ថិតនៅភូមិព្រៃព្រាល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។

លោកគ្រូ ម៉ាក់ សាន់នី នាយកអនុវិទ្យាល័យព្រៃព្រាល ក៏បានលើកឡើង ពិធីចែកអំណោយសៀវភៅសិក្សា ដល់សិក្សានុសិស្សនាពេលនេះ គឺបានលើកទឹកចិត្តដល់សិស្សានុសិស្សមួយចំនួនដែលរៀនពូកែពីលេខ១ ដល់លេខ ៥ ក្នុងឆ្នាំសិក្សា២០២២-២០២៣ ចាប់ពីថ្នាក់ទី៦ រហូតដល់ថ្នាក់ទី៩ ព្រមទាំងមានការផ្សព្វផ្សាយព្រះធម៌ ពីគុណឪពុកម្ដាយឱ្យសិស្សានុសិស្សយល់កាន់តែច្បាស់ពីពុទ្ធចក្រ និងអាណាចក្រ បានច្បាស់លាស់ក្នុងការគោរពប្រតិបត្តិលោកអ្នកមានគុណទាំង២។

ព្រះសុខាចារ្យ ណំ សុភ័ក្ត្រា មានសង្ឃដីការទៅកាន់សិស្សានុសិស្ស បើនិយាយពីព្រះពុទ្ធសាសនា គឺពិតជាបានរួមចំណែកច្រើនណាស់ជួយដល់សង្គមជាតិ ឬមនុស្សជាតិ ទាំងមូល។ មានន័យថាព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំចិត្ត ឬអប់រំសីលធម៌ គុណធម៌ សុជីវធម៌ និងចរិយាធម៌ក្នុងសង្គមខ្មែរ។ ជាក់ស្ដែងនៅក្នុងសង្គមបច្ចុប្បន្ននេះមានមនុស្សមួយចំនួន ពេលខ្លះព្រោះតែភាពលោភលន់ ព្រោះតែការគិតតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យលែងស្គាល់បុណ្យ លេងស្គាល់បាប លេងស្គាល់គុណទោស ខ្លះទៀតលេងស្គាល់បងប្អូន ឬឪពុកម្តាយជាដើម។

ព្រះសុខាចារ្យ ណំ សុភ័ក្ត្រា ព្រះចៅអធិការវត្តមុនីរង្សី(ហៅ)វគ្គថ្មី មានសង្ឃដីកាថា ដោយមានក្តីសង្ឃឹមយ៉ាងមុតមាំថាកម្មវិធីអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនា ដែលបានប្រារព្ធឡើងនៅពេលនេះ និងរួមចំណែកយ៉ាងសំខាន់ក្នុងការដាស់តឿនស្មារតី និងប្អូនសិស្សានុសិស្ស។ សូមក្រើនរំលឹកដល់ប្អូនៗសិក្សានុសិស្សទាំងអស់ត្រូវចងចាំនៅពុទ្ធឱវាទ ឬខ្លឹមសារអប់រំដ៏មានសារសំខាន់នាថ្ងៃនេះ ដើម្បីប្រើជាពន្លឺដាស់តឿនខ្លួនឯង ក៏ដូចជាមិត្តភក្តិនៅជុំវិញខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អទាំងនៅក្នុងសាលារៀន និងក្នុងសង្គម
អត្ថបទដោយលោក ធូ កែវមុនី្ន