កំពង់ធំ÷ លោក សាយ គឹមឡម បានណែនាំដូចនេះក្នុងឱកាសដែលលោក និងសហការីបានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយទឹកជំនន់ចំនួន១៨គ្រួសារ នៅក្នុងភូមិសូភី ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៣។
ជាមួយគ្នានេះដែរលោក សាយ គឹមឡម ក៏បានធ្វើការណែនាំដល់អាជ្ញាធរភូមិ/ឃុំ ក៏ដូចជាអ្នកពាក់ព័ន្ធ ត្រូវធ្វើការថែទាំ ជួសជុលនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេសផ្លូវលំទាំងអស់ដែលបានរងគ្រោះដោយទឹកជំនន់ ឡើងវិញឱ្យបានទាន់ពេលវេលា ដើម្បីស្ដារនូវគុណភាពឡើងវិញ និងសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លើសពីនេះលោកអភិបាលស្រុកស្ទោង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដ៏សប្បុរសជនជិតឆ្ងាយ តែងតែសហការឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗដល់រដ្ឋបាលស្រុកស្ទោង ក្នុងការធ្វើកិច្ចការមនុស្សធម៌ ក៏ដូចជាជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់នៅក្នុងពេលនេះ ក៏ដូចពេលកន្លងមក ក្នុងការដោះស្រាយជីវភាពបានមួយកម្រិតផងដែរ។
លើសពីនេះទៀតលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក៏បានណែនាំដល់គ្រប់រដ្ឋបាលឃុំ សូមធ្វើការយកចិត្តទុកដាក់ និងរាយការណ៍ជាបន្ទាន់នូវស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងបានរងគ្រោះដោយជំនន់ទឹកភ្លៀង ជំនន់ទឹកស្ទឹងស្ទោងនៅតាមមូលដ្ឋានរបស់ខ្លួន មករដ្ឋបាលស្រុកស្ទោង ដើម្បីមានវិធានការជួយទ្រទ្រង់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សូមបញ្ជាក់ផងដែរថា អំណោយដែលបងប្អូនប្រជាពលរដ្ឋចំនួន១៨គ្រួសារដែលមានជីវភាពខ្វះខាត ក្នុង០១គ្រួសារទទួលបាននៅក្នុងឱកាសនេះ÷ អង្ករ០១បេ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ និងមី០១កេសផងដែរ។
អត្ថបទដោយលោក ឆុន ឆេងក្រឹម