បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ត្រៀមកម្លាំង សម្ភារៈ និងមធ្យោបាយ ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ គ្រាជួបគ្រោះមហន្តរាយ

0

ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានប្រមូលកម្លាំងប្រជុំជួរទ័ពត្រួតពិនិត្យ និងបានប្រកាសឲ្យយោធិនទាំងអស់ ត្រៀមលក្ខណៈឲ្យបានស្រេចបាច់ ទាំងសម្ភារៈ និងមធ្យោបាយ ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ គេចចេញពីគ្រោះមហន្តរាយនានា ពិសេសគ្រោះទឹកជំនន់ នៅក្នុងរដូវវស្សានេះ។

សេចក្តីក្រើនរំលឹករបស់ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានធ្វើឡើងនៅថ្ងៃទី២៥កញ្ញា២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៃយោធភូមិភាគទី៤។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មានប្រសាសន៍ថា ក្នុងនាមយើងជាកងទ័ព ត្រូវមានភារកិច្ចការពារជាតិ ការពារប្រជាជន និងត្រូវខិតខំធ្វើយ៉ាងណា ចុះធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ក្នុងករណីដែលពួកគាត់ជួបគ្រោះមហន្តរាយ ជាយថាហេតុផ្សេងៗ ពិសេសគ្រោះទឹកជំនន់ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង ចាត់ទុកការលះបង់កម្លាំងកាយ ចិត្ត និងពេលវេលារបស់យោធិនទាំងអស់ ក្នុងការកិច្ចការងារការពារជាតិ និងការចុះអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយ គឺជាគំរូវីរភាពមួយដ៏អង់អាច ក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដែលទង្វើ និងសកម្មភាពទាំងនេះ សក្តិសមជាកងយោធពលខេមរភូមិន្ទ ក្រោមមាគ៌ាដឹកនាំនាវាកម្ពុជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕ដោយ៖ឡុង សំបូរ