ខេត្តកំពង់ធំ៖ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអន្តរាយ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ដែលមានការចូលរួមពី ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងកងកម្លាំងទាំង៣ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
អភិបាលស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ លោក ឃឹម សុខឃាង បានឲ្យដឹងថា នៅក្នុងរយៈពេលជាង ១០ថ្ងៃកន្លងមកនេះ ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ បានធ្វើឱ្យជំនន់ទឹកភ្លៀងបង្កការប៉ះពាល់ នៅតាមបណ្ដាភូមិ និងឃុំមួយចំនួន នៃស្រុកប្រាសាទសំបូរ។ លោកបន្តថា នៅថ្ងៃទី២៣កញ្ញា២០២៣ កន្លងមកថ្មីៗនេះ មានកុមារពីរនាក់ ដែលធ្វើដំណើរមកតាមឪពុកទៅបង់សំណាញ់ ហើយត្រូវបានទឹកហូរគួចបណ្តាលឱ្យលង់ទឹកស្លាប់ នៅភូមិចារ្យ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ផងដែរ។
ទេសរដ្ឋមន្ត្រី កិត្តិសង្គហបណ្ឌិត គន់ គីម បានមានប្រសាសន៍ ក្រើនរំលឹកដល់អាជ្ញាធរដែនដី និងមន្ត្រីថ្នាក់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ណែនាំដល់ប្រជាជន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវត្រៀមកម្លាំងសរុប និងមធ្យោបាយគ្រប់ប្រភេទ ដើម្បីដឹកជញ្ជូនពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព ក្នុងកាលៈទេសៈ ដែលទឹកជំនន់នៅតែបន្តកើនឡើង។
ទេសរដ្ឋមន្ត្រី កិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ និងស្ថាប័នពាក់ព័ន្ធ ត្រូវវាយតម្លៃឲ្យបានច្បាស់លាស់អំពីផលប៉ះពាល់ ដែលបណ្ដាលមកពីគ្រោះទឹកជំនន់នេះ មានជាអាទិ៍ បញ្ហាប្រព័ន្ធផ្លូវគមនាគមន៍ បញ្ហាប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត និងការខូចខាតផលដំណាំផ្សេងៗ ដែលកើតមានឡើង ដើម្បីត្រៀមស្តារការខូចខាត និងដោះស្រាយជូនប្រជាពលរដ្ឋ ឲ្យបានសមស្របទាន់ពេលវេលា៕