ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានរៀបចំចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមដល់សត្វគោក្របីបាន៣០០ក្បាល ជូនប្រជាកសិករ នៅស្រុកកំពង់ស្វាយ

0

(កំពង់ធំ)÷ ក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ រួមទាំងមន្ត្រី និងដោយមានការអញ្ជើញចូលរួមដោយលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ ព្រមទាំងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ទទួលបន្ទុកវិស័យសុខភាពសត្វ និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាភ្នាក់ងារសុខភាពសត្វភូមិ បានរៀបចំចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមសត្វគោក្របី ជូនកសិករ នៅភូមិតាប៉ោង និងភូមិតាអាំ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

ទន្ទឹមគ្នានេះដែរលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានជួបសំណេះសំណាលបន្ថែមជាមួយកសិករនៅតំបន់រងផលប៉ះពាល់ដោយទឹកជំនន់ និងអំពាវនាវដល់កសិករ ដែលជាម្ចាស់សត្វឱ្យនាំយកសត្វគោក្របីមកចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗ បន្ថែមទៀតនៅពេលក្រុមការងារថ្នាក់ខេត្តរៀបចំឡើង និងបានណែនាំពីវិធានការ ការពារ ទប់ស្កាត់ការឆ្លងជំងឺសត្វ។ ម្យ៉ាងវិញទៀតត្រូវត្រៀមចំណីបំរុងទុកសម្រាប់សត្វ និងនាំសត្វទៅរកទីទួលសុវត្ថិភាពនារដូវទឹកជំនន់នេះ ប្រសិនបើមានសត្វឈឺក្នុងករណីសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វឱ្យបានទាន់ពេលវេលា។

លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ក៏បានលើកឡើង ពីសារប្រយោជន៍នៃការចាក់វ៉ាក់សាំងដល់សត្វគោក្របី ដល់បងប្អូនប្រជាកសិករ ដើម្បីការពារកុំឱ្យឆ្លងជំងឺផ្សេងៗដល់សត្វគោក្របី។ ជាលទ្ធផលក្រុមការងារសម្រេចចាក់វ៉ាក់សាំងការពារជំងឺសត្វគោក្របីបាន÷ គោសរុប៣០០ក្បាល និងបានផ្តល់ជូននូវវ៉ាក់សាំង FMD ២.០០០កម្រិត សាទឹក១.០០០កម្រិត និងថ្នាំព្យាបាលមួយចំនួន ដល់មន្ត្រីកសិកម្មស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ជួយចុះអន្តរាគមន៍ ជូនកសិករក្នុងមូលដ្ឋានរបស់ពួកគាត់។ *សរសេរអត្ថបទដោយលោក ធូ កែវមុន្នី