កំពង់ធំ÷ ឯកឧត្តមបណ្ឌិត ឃួន សុវណ្ណ ឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំឈូក តំណាងឱ្យលោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយឃុំឈូកអមដំណើរដោយឯកឧត្តម ឃិន រ៉ាវីត លោកបណ្ឌិត សោម ម៉ូត លោកបណ្ឌិត ជា ប៊ុនថេន លោក សេង នាង សមាជិកក្រុមប្រឹក្សាឃុំឈូក បានចុះពិនិត្យមើលផ្លូវ នឹងផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនៅភូមិចំនួន០៦គឺ ភូមិអន្សរក្រហាយ ភូមិសេរីសុខា ភូមិទឹកអណ្តូង ភូមិឈូកបឹង ភូមិបឹងខ្វែក ភូមិអន្លង់ស្លែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត ឃួន សុវណ្ណ បានលើកឡើងថា ចំពោះក្រុមការងារចុះជួយឃុំឈូក ត្រូវយកចិត្តទុកដាក់ណែនាំដល់ប្រជាជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវត្រៀមកងកម្លាំង និងមធ្យោបាយគ្រប់ប្រភេទ ដើម្បីដឹកជញ្ជូនពួកគាត់ទៅកាន់ទីទួលសុវត្ថិភាពក្នុងកាលៈទេសៈ ដែលទឹកជំនន់នៅតែបន្តកើនឡើង។ ជាមួយនោះដែរឯកឧត្តម បានវាយតម្លៃឱ្យបានច្បាស់លាស់អំពីផលប៉ះពាល់ ដែលបណ្ដាលមកពីគ្រោះទឹកជំនន់នេះមានជាអាទិ៍ បញ្ហាប្រព័ន្ធផ្លូវគមនាគមន៍លិចលង់ដោយទឹកជំនន់គ្រប់ទីកន្លែង ស្ពាន ដីស្រែ ផ្ទះជាច្រើនខ្នង និងបញ្ហាប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់មានជីវភាពលំបាកខ្វះខាត និងការខូចខាតផលដំណាំផ្សេងៗ ដែលកើតមានឡើង ដើម្បីត្រៀមស្តារការខូចខាតនិងដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យបានសមស្របទាន់ពេលវេលា។
ឯកឧត្តមបណ្ឌិត ឃួន សុវណ្ណ បានលើកទឹកចិត្តដល់ក្រុមការងារ និងសហការជាមួយអាជ្ញាធរមូលដ្ឋានត្រូវការប្រុងប្រៀបកងកម្លាំង សម្ភារៈប្រើប្រាស់ និងមធ្យោបាយធ្វើដំណើរសម្រាប់ចល័តអន្តរាគមន៍បានរួចរាល់ ហើយប្តេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់ ក្នុងការជួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចល័តទៅទីទួលសុវត្ថិភាពឱ្យរួចផុតពីគ្រោះទឹកជំនន់នេះ។ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងតូចៗ និងចាស់ជរា ព្រោះទឹកស្ទឹងសែនកំពុងតែហក់ឡើង ជាបណ្ដើរៗ ដើម្បីការពារអាយុជីវិតដល់ពួកគាត់។
អត្ថបទដោយលោក ធូកែវមុន្នី(កែសម្រួលដោយអ៊ុម ញឹប)