មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រួតពិនិត្យវាយតម្លៃលទ្ធផលហ្វឹកហ្វឺនបំប៉នពង្រឹងកងកម្លាំងប្រចាំឆ្នាំ មុនពេលបិទបញ្ចប់វគ្គ

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣
ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយគណៈកម្មការគ្រប់គ្រងវគ្គ និងសហការី បានទៅត្រួតពិនិត្យវាយតម្លៃ ចំណុចខ្លាំង ចំណុចខ្សោយ នៃលទ្ធផលហ្វឹកហ្វឺនបំប៉នពង្រឹងនាយទាហាន នាយទាហានរង និងពលទាហាន ប្រចាំឆ្នាំ ២០២៣ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញ កងយោធពលខេមរភូមិន្ទ ត្រូវហ្វឹក ហ្វឺនពង្រឹងសមត្ថភាព កាយសម្បទារឹងមាំ ព្រម ទាំងយុទ្ធវិធីបច្ចេកទេសក្នុងការប្រយុទ្ធការពារទីតាំង នឹងវាយបកទៅលើខ្មាំងសត្រូវ ក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី មាតុភូមិនៃព្រះរាជាណាចក្រកម្ពុជា កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ និងត្រៀមកងកម្លាំងអន្តរាគមន៍ជួយ សង្គ្រោះប្រជាជនក្នុងគ្រោះមហន្តរាយផ្សេងៗ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានវាយតម្លៃខ្ពស់ចំពោះក្រុមគ្រូយោធាចារ្យ និងសិក្ខាកាមទាំងអស់ដែលបានខិតខំបង្ហាត់បង្រៀន និងរៀនសូត្រ ក្នុងរយៈពេល ៨៦ថ្ងៃកន្លងទៅនេះ លើផែនការរៀនសូត្ររយៈពេល ៩១ថ្ងៃ  ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពបានយ៉ាងមុឺងម៉ាត់តាមបទបញ្ជាផ្ទៃក្នុងរបស់សាលា ស្របតាមផែនការនិងកម្មវិធីហ្វឹកហ្វឺនរៀនសូត្រ ដែលបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានដាក់ចេញ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំដល់គណៈកម្មការគ្រប់គ្រងវគ្គ ក្រុមគ្រូយោធាចារ្យ និងសិក្ខាកាមទាំងអស់ ត្រូវប្រុងប្រៀបកិច្ចការរៀបចំពិធីបាញ់ស៊ីបគ្រាប់ពិតប្រភេទអាវុធAK47 ដើម្បីវាស់ស្ទង់កម្រិតគុណភាពហ្វឹកហ្វឺនក្នងប្រើប្រាស់បច្ចេកទេសអាវុធថ្មើរជើង ដើម្បីការពារខ្លួន និងការបាញ់ចំគោលដៅកម្ទេចខ្មាំងសត្រូវ និងរៀបចំកម្មវិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងដល់នាយទាហាន នាយទាហានរង និងពលទាហាន ប្រចាំឆ្នាំ២០២៣ នៅពេលខាងមុខដ៏ខ្លីនេះ  ឲ្យទទួលបានជោគជ័យ។