អភិបាលបាលរងស្រុកស្ទោងបានលើកទឹកចិត្តដល់ សហគមន៍កសិកម្មសណ្ដាន់សាមគ្គី ត្រូវផលិតនូវលិតផលដែលមានគុណភាព មិនប្រើប្រាស់សារធាតុគីមី ធានានូវសុវត្ថិភាពសុខភាពនិងអាចប្រកួតប្រជែងនិងផ្គត់ផ្គង់តម្រូវការទីផ្សារ

0

កំពង់ធំ÷ លោក សួគ៌ ប៊ុនធង បានណែនាំដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធី តាំងពិពណ៌ផលិតកម្ម “សហគមន៍កសិកម្មសណ្ដាន់សាមគ្គី” នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងស្នាក់ការទីផ្សារសហគមន៍។

ជាមួយគ្នានេះលោក សួគ៌ ប៊ុនធង បានលើកទឹកចិត្តដល់ គ្រប់ផលិតកម្មដែលមានផលិតកម្មខ្ពស់ ត្រូវពង្រីកខ្លួនទៅជាសហគ្រាស និងសហគ្រិនដែលមានសក្តាននុពល ទាំងនៅក្នុងមូលដ្ឋានក៏ដូចជាថ្នាក់ជាតិជាដើម ដែលអាចផលិតបាននៅផលិតផល ឆ្លើយតបទៅនិងតម្រូវការទីផ្សារ ក៏ដូចជាបង្កើននូវប្រាក់ចំណូលខ្ពស់ផងដែរ ។

លើសពីនេះទៀតលោកអភិបាលរងស្រុកស្ទោង បានណែនាំគណៈគ្រប់គ្រងសហគមន៍ និងសមាជិក ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ធ្វើផែនការអាជីវកម្មឱ្យបានត្រឹមត្រូវ ហើយត្រូវមានភាពស្មោះត្រង់ មានការទទួលខុសត្រូវខ្ពស់ និងទម្លាក់ទុនឬថវិកាជូនដល់ក្រុមផលិតដែលមានផលិតកម្មខ្ពស់ ការគ្រប់គ្រងប្រកបដោយគណនីយភាព និងបន្តកៀរគរមូលធនពីគ្រប់ដៃគូ អង្គការនានា និងអ្នកពាក់ព័ន្ធ ដើម្បីពង្រីកខ្លួនឱ្យកាន់តែធំ។

ទន្ទឹមនឹងនេះលោក សួគ៌ ប៊ុនធង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់តំណាងដៃគូនានា  និងអាជ្ញាធរមូលដ្ឋាននិងម្ចាស់ភាគហ៊ុនទាំងអស់ដែលបានសហការ ឧបត្ថម្ភគាំទ្រសម្របសម្រួល ក្នុងការធ្វើឱ្យសហគមន៍នេះកាន់តែរីកចម្រើនរហូតមកដល់ពេលនេះ។

ជាចុងបញ្ចប់លោក សួគ៌ ប៊ុនធង អភិបាលរងស្រុកស្ទោង ក៏បានផ្ដាំផ្ញើដល់សហគមន៍និងសមាជិកសមាជិកាទាំងអស់ ត្រូវបន្តអនុវត្តប្រតិបត្តិនូវគោលការណ៍របស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍក៏ដូចជាអនុសាសន៍ល្អៗរបស់ថ្នាក់ដឹកនាំដែលបានអញ្ជើញជាអធិបតីនៅក្នុងកម្មវិធីផ្សេងៗរបស់សហគមន៍ បន្តពង្រីកចំនួនសមាជិក និងម្ចាស់ភាគហ៊ុនបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០២៣ គិតត្រឹមខែមីនា “សហគមន៍កសិកម្មសណ្តាន់សាមគ្គី ” មានអាសយដ្ឋាននៅក្នុងភូមិព្រះនង្គ័ល ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ មានសមាជិកសរុបចំនួន៤០៣នាក់ និងមានភាគហ៊ុនចំនួន១,៤៧២ហ៊ុន ដែលតម្លៃក្នុងមួយហ៊ុន ៣០,០០០ ៛ ០០ នឹងទឹកប្រាក់ ៤៤,១៦៦,០០០ ៛ ០០ ហើយកំពុងផលិតមុខរបរសំខាន់ៗចំនួន០៦ ដូចជាឥណទានសាច់ប្រាក់  សន្សំប្រាក់ លក់ជីកសិកម្មនិងថ្នាំ ផលិតពូជស្រូវលក់  លក់អង្ករនិងបោចមាន់សាច់លក់៕
អត្ថបទដោយលោក ឆុន ឆេងក្រឹម