ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជំរុញឱ្យសាលាទាំង៤៨ ក្នុងខេត្តកំពង់ចាម រួមគ្នាអនុវត្តជំហានដំបូងនូវ “ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន» (SIS)

0

កំពង់ចាម: ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្តីរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញដល់លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាអនុវត្តជាជំហានដំបូងនូវ ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន នៅតាមសាលារៀនចំនួន៤៨ នៅខេត្តកំពង់ចាម ដេីម្បីពង្រីក វិសាលភាពនៃការអនុវត្តនៅតាមសាលារៀនគ្រប់កម្រិតនៅពេលខាងមុខឱ្យបានទូលំទូលាយ សំដៅសម្រេចបាននូវឌីជីថល នីយកម្ម ប្រព័ន្ធអប់រំប្រកបដោយគុណភាព ភាពរស់រវើក និងអាចឆ្លើយតបទៅនឹង បរិបទថ្មីនៃសង្គមសេដ្ឋកិច្ចឌីជីថល សតវត្សទី២១នេះ។ ការថ្លែងបែបនេះក្នុងអង្គសិក្ខាសាលា ស្តីពីការដាក់ឱ្យអនុវត្តជំហានដំបូងនូវ “ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន» (SIS) នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសង្កត់ធ្ងន់ថា ក្រោមការ ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកកម្ពុជា បានផ្ដល់អាទិភាពទៅលើការអប់រំ ដោយបានដាក់បញ្ចូល «ការពង្រឹងគុណភាពអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» ក្នុងមុំទី១ នៃបញ្ចកោណទី១ ដែលសំដៅដល់ «ការអភិវឌ្ឍ ធនធានមនុស្ស» និងជាបុរេលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញនិងការធ្វើពិពិធកម្ម សេដ្ឋកិច្ចប្រកបដោយកំណើន បរិយាបន្ន និងសង្គតិភាពផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា បច្ចុប្បន្ននេះ មានសាលារៀនចំនួន ២៧៦នៅទូទាំងប្រទេសបានអនុវត្តនូវកម្មវិធី SIS ហើយ ក្នុងនោះខេត្តកំពង់ចាមមានរហូតទៅដល់ ៤៨វិទ្យាល័យ ដែលបានសាកល្បងអនុវត្ត SIS និងគ្រោងដាក់ឱ្យអនុវត្តសាកល្បងផងដែរនៅកម្រិត អនុវិទ្យាល័យ និងបឋមសិក្សានៅពេលដ៏ខ្លីខាងមុខ។ នេះគឺជាមោទនភាពដ៏ធំមួយសម្រាប់ខេត្តកំពង់ចាម ដែលត្រូវបានជ្រើសរើសជាខេត្តគំរូ ក្នុងការអនុវត្តសាកល្បងនូវកម្មវិធី SIS មុននឹងការពង្រីកវិសាលភាពនៃការអនុវត្តនៅទូរទាំងប្រទេស ។

ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា បានសម្ដែងនូវការសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តនូវ SIS ក្នុងខេត្តកំពង់ចាម ក៏ដូចជាទូទាំងប្រទេស ដើម្បីរួមចំណែកក្នុងការអនុវត្តគោល នយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា។ ជាការពិតណាស់ គ្មានអ្វីដែលគ្មានហានិភ័យទេ ប៉ុន្តែយើងត្រូវចេះគ្រប់គ្រង កាត់បន្ថយទិដ្ឋភាពអវិជ្ជមាន និងបង្កើនទិដ្ឋភាពវិជ្ជមាន ដើម្បីប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដោះស្រាយបញ្ហាប្រឈមរបស់មនុស្សជាតិ និងជួយពង្រឹងសមត្ថភាពគ្រូ សិស្ស និងអភិវឌ្ឍធនធានមនុស្ស ដើម្បីសម្រេចបានគោលដៅនៃការអភិវឌ្ឍ ៕