រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាស្ដី ការយល់ដឹងពីការធ្វើធុរកិច្ច ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់

0

កំពង់ធំ÷ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងនៃអណៈ អភិបាលខេត្តកំពង់ធំ ឯកឧត្តម មុត ភិសិទ្ធនា អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្ដីពី(ការយល់ដឹងការធ្វើធុរកិច្ច ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់) នៅភោជនីដ្ឋាន ឡូវ គឹមសេង នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

កម្មវិធីនេះទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ និងមជ្ឈមណ្ឌលអភិវឌ្ឍ ធុរកិច្ចនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឧបត្ថម្ភដោយធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និងធនាគារ វីង(ខេមបូឌា) ម.ក។ សិក្ខាសាលានៅថ្ងៃនេះមានការចូលរួមពីសមាជិក សមាជិកា ពាណិជ្ជករ សិប្បករ ឧស្សាហករក្នុងខេត្ត ប្រមាណ១៣០នាក់ ។

ឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ ព្រះវិហារ បានលើកឡើងថា សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ដែលស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ បង្កើតឡើងដោយអនុក្រឹត្យរបស់រាជរដ្ឋភិបាលចាប់តាំងពីខែសីហា ឆ្នាំ២០១២មក។ សកម្មភាពសំខាន់ៗដែលបានធ្វើកន្លងមកដូចជា ៖ ជាតំណាងឱ្យវិស័យឯកជនចូលរួមដឹកនាំសមាជិក ចាប់ដៃគូពាណិជ្ជកម្មជាមួយបណ្តាប្រទេសដូចជា វៀតណាម ចិន សហរដ្ឋអាមេរិក បារាំង ជាពិសេសបានចូលរួម ជាមួយសកម្មភាពមនុស្សធម៌ដោយផ្ទាល់ និងតាមរយៈកាកបាទក្រហមកម្ពុជា។

ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា សិក្ខាសាលាដ៏មានសារៈសំខាន់នេះបានធ្វើបទបង្ហាញអំពីច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម និងការលើកទឹកចិត្តសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងគោលបំណង បញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំទូលាយជូនដល់សមាជិក សមាជិកាសភាពាណិជ្ជកម្មខេត្ត ពាណិជ្ជករ អាជីវករ និងភាគីពាក់ព័ន្ធ បានយល់ដឹងពីការត្រៀមលក្ខណៈ និងឯកសារក្នុងការចុះបញ្ជីធ្វើធុរកិច្ចពាណិជ្ជកម្មស្របតាមច្បាប់ និងដឹងពីក្រសួងពាក់ព័ន្ធដែលត្រូវទៅចុះបញ្ជីឱ្យបានត្រឹមត្រូវ តាមប្រភេទអាជីវកម្មរបស់ខ្លួន ជាពិសេសការរៀបចំឯកសារដើម្បីទទួលបានការលើកទឹកចិត្តនានាពីរាជរដ្ឋាភិបាល ។

សូមបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ដល់សមាជិក សមាជិកាសភាពាណិជ្ជកម្មទូទាំងប្រទេសរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នេះជាលើកទីពីរហើយដែលសភាពាណិជ្ជកម្មកម្ពុ ជាសហការជាមួយភាគីពាក់ព័ន្ធបានរៀបចំសិក្ខាសាលាថ្នាក់ជាតិនេះឡើង។*សរសេរអត្ថបទដោយលោក ធូ កែវមុន្នី