ខេត្តកែបនឹងរៀបចំពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅថ្ងៃទី១ដល់ទី៣ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ

0

ខេត្តកែប: ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈ អភិបាលខេត្តកែបនាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៣ នេះបានដឹកនាំកិច្ចប្រជុំជាមួយអង្គភាពពាក់ព័ន្ធដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែបដើមខែធ្នូឆ្នាំ ២០២៣។

ក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍ថា បុណ្យសមុទ្រឆ្នាំនេះខេត្តកែប និងកំណត់យកថ្ងៃប្រារព្ធពិធីជាផ្លូវការគឺ នៅថ្ងៃទី១ដល់ថ្ងៃ៣ ខែធ្នូ ឆ្នាំ២០២៣។ នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់ខេត្តកែបដើម្បីបង្ហាញអោយពិភពលោកបានដឹងអំពី ជោគជ័យរបស់កម្ពុជា ជាមួយនឹងការរីកចម្រើន សេដ្ឋកិច្ច សង្គមកិច្ច និងធានាបាននៅសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ ដែលមកលេងកំសាន្ដនៅប្រទេសកម្ពុជា ក៏ដូចជាខេត្តកែបរបស់យើងផងដែរ។

ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត បានប្តេជ្ញាចិត្តជំរុញ និងណែនាំដល់មន្ទីអង្គភាពពាក់ព័ន្ធនានា ក្នុងរយៈពេលពីរខែនេះអោយមានការខិតខំ យកចិត្តទុកដាក់ ចំពោះការកែលំអរសោភ័ណ្ឌភាព សម្អាតអនាម័យបរិស្ថាន ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ទាំងកន្លែងប្ររព្ធពិធី  និងកន្លែងផ្សេងៗទៀត អោយបានសមរម្យ ដូចនេះសូមគ្រប់មន្ទីរទាំងអស់ សហការគ្នាធ្វើយ៉ាងណាអោយការងារនេះប្រព្រឹត្តទៅបានយ៉ាងរលូន ទាំងការគ្រប់គ្រងទុកដាក់សំរាម កាកសំណល់រឹង រាវ ក្នុងពេលរៀបចំព្រឹត្តិការណ៍ និងក្រោយពេលព្រឹត្តិការណ៍ចប់។

ឯកឧត្តម ទិត ចន្ថា បានគូសបញ្ជាក់ដែរថា ព្រឹត្តិការណ៍បុណ្យសមុទ្រ គឺជាព្រឹត្តិការណ៍មួយដ៏ធំជួយលើកស្ទួយ វិស័យទេសចរណ៍ខេត្ត នឹងជួយបង្កើនប្រាក់ចំណូលដល់ប្រជាជនក្នុងមូលដ្ឋានខេត្តកែប ម្យ៉ាងទៀតបុណ្យសមុទ្រនេះនឹងរួមចំណែកជួយផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍ក្នុងខេត្តកែប ក៏ដូចជាប្រទេសកម្ពុជាទាំងមូលអោយល្បីល្បាញសាកសមជាតារារះនាទិសនារតី  ហើយក៏ជាព្រឹត្តិការណ៍មួយដែលជួយជំរុញអោយកំណើនសេដ្ឋកិច្ចខេត្តកែប កាន់តែរីកចម្រើនមួយកម្រិតទៀត។

ក្នុងនោះដែរឯកឧត្ដមបន្ថែមថាបុណ្យសមុទ្រនៅឆ្នាំនេះ មានការរៀបចំកម្មវិធីជាច្រើនដូចជា រត់ប្រណាំង និង ប្រដាល់គុណខ្មែរ មហោស្រពម្ហូបអាហារ តាំងពិព័រណ៍សមិទ្ធផលនានា និងការប្រគំតន្ដ្រីមហាជន ។ល។

យ៉ាងណា ឯកឧត្ដមក៏បានស្នើរអោយរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធទាំងអស់ ជួយពិនិត្យសម្របសម្រួលរកទីតាំងណាដែលសាកសមសម្រាប់ប្រារព្ធពិធីបុណ្យសមុទ្រនេះ ហើយសូមអោយខិតខំកៀងគររកដៃគូធ្វើកិច្ចសហការណ៍ជាមួយវិស័យឯកជន និងគ្រប់មន្ទីពាក់ព័ន្ធដើម្បីអោយពិធីបុណ្យសមុទ្រលើកទី១០ជុំទី៣ប្រព្រឹត្តទៅដោយភាពជោគជ័យ៕ សេង ណារិទ្ធ