កំពង់ធំ÷ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣វេលាម៉ោង០៦ :១៨នាទីនៅចំណុចផ្ទះសំណាក់ ហេង ហេង ១៦៨ ស្ថិតក្នុងភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីលួចម៉ូតូ០១គ្រឿង។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ស៉ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ទទួលផ្នែកផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី ញ៉ែម ឈុនលី ស្នងការរងជំនួយផែនដឹកនាំកងកម្លាំង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងសែនប្រើវិធានការជំនាញ ឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ នាវេលាម៉ោង១៧:៣០នាទី នៅចំណុច មុខមន្ទីរពេទ្យ ស្រេង សេងហៀង ភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ។
ជនសង្ស័យ៣នាក់មានឈ្មោះ÷១-ឈ្មោះ យ៉ា គីនី ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ អូរអំបិល សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ២-ឈ្មោះ ងួន តុលា ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ ៣-ឈ្មោះ ញឹប តុលា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិ ទំពរ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន÷ ១-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ លេខតួ ND125M6190341 ស្លាកកលេខភ្នំពេញ 1JE.8774 របស់ជនរងគ្រោះឈ្មោះ ឡាំង យ៉ាំងណេ ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិ វៀតណាម រស់នៅកំពង់ចំលង ឃុំព្រែកទម្លាប់ ស្រុក លើកដែក ខេត្តកណ្តាល (ប្រគល់ជូនជនរងគ្រោះ)។២-រថយន្តចំនួន០១គ្រឿង ម៉ាកHIGHLANDER ពណ៌ ទឹកមាស ផ្លាកលេខប.មានជ័យ 2C-5668 របស់
ជនសង្ស័យ ដែលជិះធ្វើសកម្មភាព និងឧបករណ៍សម្ភារៈសម្រាប់លួច មួយចំនួនទៀត។ករណីខាងលើនេះ មន្ត្រីនគរបាលជំនាញ បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
*អត្ថបទរបស់អធិការដ្ឋានក្រុងស្ទឹងសែន