សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបួងសួងរំលឹកគុណបុព្វបុរសខ្មែរ និងអបអរសាទររមណីដ្ឋានប្រាសាទកោះកេរ ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក

0

ខេត្តព្រះវិហារ៖ ពិធីបួងសួងរំលឹកគុណបុព្វបុរសខ្មែរ និងអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីតនោះ  បានប្រារព្ធឡើង ក្រោមអធិបតីភាព សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវ ពេជ្រ ច័ន្ទមុនី ។

ពិធីបួងសួងនេះ ក៏មានការចូលរួមពីប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាល អាជ្ញាធរជាតិព្រះវិហារ អភិបាលខេត្តព្រះវិហារ ថ្នាក់ដឹកនាំខេត្ត មន្ទីរ ក្រុង ស្រុក អង្គភាពគ្រប់ជាន់ថ្នាក់ និងមន្ត្រីថ្នាក់មូលដ្ឋាន ដ៏ច្រើនកុះករ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅរមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ពិធីបួងសួងនោះទៀត ក៏មានការសម្តែងរបាំ ដោយក្រុមនាដ្យការី នៃសាលាភូមិន្ទវិចិត្រសិល្បៈ ផងដែរ។

នៅពេលថ្មីៗមកនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក សម្តេចនាយករដ្ឋមន្ត្រី បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល នៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ គ្រប់ទីប្រជុំជន សហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ។

«រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេចជាឯកច្ឆ័ន្ទ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ សម្រាប់ប្រទេសកម្ពុជា ទទួលបានកិត្តិនាមកាន់តែល្បីសុះសាយពេញពិភពលោក។

«រមណីយដ្ឋានបុរាណវិទ្យាកោះកេរ» ជាអតីតរាជធានីបុរាណខ្មែរ “អតីតរាជធានីលិង្គបុរ ឬ ឆោកគគ៌្យរ” របស់ព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងរាជព្រះបាទជ័យវម៌្មទេវទី៤ ក្នុងកំឡុងសតវត្សទី១០ ក្នុងឆ្នាំ ៩២៨ រហូតដល់ឆ្នាំ ៩៤១ នៃគ.ស.។

គួររំលឹកផងដែរថា មកដល់ពេលនេះ ប្រាសាទកម្ពុជា ៤ហើយ ដែលត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក រួមមាន៖ ១-តំបន់អង្គរ (Angkor Zone) ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ មានទំហំផ្ទៃដី ៤០ពាន់ហិកតា, ២-ប្រាសាទព្រះវិហារ (Temple of Preah Vihear) ចុះបញ្ជីនៅក្នុងឆ្នាំ២០០៨ មានផ្ទៃដីទំហំ ២ពាន់ ៦៤៣ហិកតា ,៣-តំបន់ប្រាសាទសំបូរព្រៃគុក (Temple Zone of Sambor Prei Kuk) ត្រូវបានចុះបញ្ជីនៅឆ្នាំ២០១៧ មានទំហំផ្ទៃដីសរុប ៣៩ពាន់ហិកតា និង ៤-រមណីយដ្ឋានប្រាសាទកោះកេរ ខេត្តព្រះវិហារ ត្រូវបានចុះបញ្ជីនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ មានទំហំផ្ទៃដីសរុប ៤០០ហិកតា៕ដោយ៖ឡុង សំបូរ