ព្រះវិហាររដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយចែកជូនកងទ័ព និងនគរបាលឈរជើងការពារព្រំដែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង

0

ខេត្តព្រះវិហារ៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី រួមជាមួយអាជ្ញាធរខណ្ឌ និងមន្ទីរចំណុះឲ្យរដ្ឋបាលរាជធានី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនកងទ័ព និងនគរបាលឈរជើងការពារព្រំដែន ដើម្បីចូលរួមក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ពិធីនេះបានធ្វើឡើងនៅទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងភូមិពាក់ស្បែក ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

លោក ឃួង ស្រេង បានថ្លែងនូវការកោតសរសើរ ចំពោះនាយ-ពលទាហាន នាយ-ពលនគរបាល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានគាំទ្រយ៉ាងពេញទំហឹង ឥតងាករេ ចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាល និងគោរពយ៉ាងម៉ឹងម៉ាត់នូវរដ្ឋធម្មនុញ្ញ បទប្បញ្ញត្តិច្បាប់ បទបញ្ជារបស់ថ្នាក់ដឹកនាំតស៊ូអត់ធ្មត់ ព្យាយាម ក្លាយទៅជាកងទ័ពមានវិន័យ មានកិត្តិយស-សេចក្ដីថ្លៃថ្នូរ និងហ៊ានធ្វើពលិកម្មអាយុជីវិត ក្នុងការបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តម របស់ខ្លួន ដើម្បីការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិ ខ្សែបន្ទាត់ព្រំដែន និងការពាររាជរដ្ឋាភិបាល ។

លោកបន្ដថា សម្តេចតេជោ ហ៊ុន សែន តាមរយៈការដាក់ចេញនូវនយោបាយ ឈ្នះឈ្នះ បានបានដឹកនាំស្តារ កសាង និងអភិវឌ្ឍប្រទេសពីបាតដៃទទេ រហូតទទួលបានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ បើគ្មាននយោបាយ ឈ្នះ ឈ្នះ និងការលះបង់ខ្ពស់បំផុត របស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសជាតិ នឹងមិនមានសន្តិភាពពេញលេញ ដូចសព្វថ្ងៃឡើយ ។

សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ ការពង្រឹង អភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ ដើម្បីឈានទៅរកបាវចនាទាំង ៥ រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

លោក ឃួង ស្រេង គូសបញ្ជាក់ថា កម្លាំងកងទ័ព កម្លាំងនគរបាល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានតួនាទី ភារកិច្ចសំខាន់បំផុត ក្នុងកិច្ចការពារ «ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល បូរណភាពទឹកដី អធិបតេយ្យភាព និងសុខសន្តិភាពជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា» ។

ដើម្បីតបស្នង សងគុណបំណាច់បងប្អូនយោធិន នគរបាល និងកងកម្លាំងគ្រប់ប្រភេទ ដែលបានបូជាអាយុជីវិត សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា ក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន និងក្រោមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ហាជីវភាពរស់នៅ និងសុខុមាលភាពរបស់បងប្អូនយោធិន និងក្រុមគ្រួសារ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ តាមរយៈការចូលរួមគាំទ្រពីក្រសួង-ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋ ដែលជាអង្គភាព ជួរក្រោយ គាំទ្រអង្គភាពជួរមុខ ដោយបានចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនីមួយៗ ក្នុងស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែក ស្របតាមទិសស្លោក «សមរភូមិក្រោយ ត្រូវជួយសមរភូមិមុខ» និង «សមរភូមិមុខការពារ សមរភូមិក្រោយអភិវឌ្ឍន៍» ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានថ្លែងថា បើទោះបីស្ថានការណ៍ នៅតាមបណ្តោយព្រំដែន ប្រទេសមានសភាពស្ងប់ស្ងាត់ក្តី តែកងទ័ពមិនបានធ្វេសប្រហេស និងមើលស្រាលសភាពការនោះឡើយ ពោលគឺតែងល្បាត ពង្រឹងស្មារតី ការពារបូរណៈភាពទឹកដី មិនឲ្យសត្រូវណាមករំលោភបំពានបានឡើយ សូម្បីបាត់១មីល្លីម៉ែត្រ។

លោកមេបញ្ជាការ បានថ្លែងបញ្ជាក់ថា តាមរយៈចំណងសម្ព័ន្ធមេត្រីភាព រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ តែងតែបានចងភា្ជប់ មនោសញ្ចេតនា ឧបត្ថម្ភគាំទ និងចុះជួបសាកសួរសុខទុក្ខ មានសកម្មភាពដូចភ្លៀងរលឹម ដែលយ៉ាងហោចណាស់ បានរៀបចំព្រឹត្តិការណ៍ ២ដងក្នុងមួយឆ្នាំ គឺក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ និងក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយបាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួន ជូនដល់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ដើម្បីចូលរួមចែករំលែក គាំទ្រអង្គភាពជួរមុខ និងសម្រាលការលំបាកក្នុងជីវភាព រស់នៅបានមួយកម្រិត ។

ចំពោះអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនកងពលធំអន្តរាគមន៍លេខ៣ ថវិកាចំនួន ២០,០០០,០០០រៀល, មេបញ្ជាការកងពល ទទួលបានថវិកាចំនួន៤០០,០០០រៀល, មេបញ្ញាការរងកងពល ម្នាក់ទទួលបានថវិកាចំនួន ២០០,០០០រៀល, នាយសេនាធិការរង នាយ-នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង វរសេនាតូច មេបញ្ជាការ បញ្ជាការរង កងអនុសេនាធំ កងអនុសេនាតូច ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន៩០,០០០រៀល, នាយទាហាន ពលទាហាន ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០,០០០រៀល ជាមួយនឹងការឧបត្ថម្ភ សម្ភារនិងគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀត ដែលមានដូចជាប្រេងម៉ាស៊ូត មី, ទឹកបរិសុទ្ធ, ទឹកត្រី ទឹកស៊ីអីវ ប្រេងឆា, ត្រីខកំប៉ុង ឧបត្ថម្ភគ្រែដែក សម្រាប់សិក្ខាកាមសម្រាក ពេលមកហ្វឹកហាត់បំប៉ន ចំនួន៣០០គ្រែផងដែរ ។

សម្រាប់កងពលតូចអន្តរាគមន៍លេខ៩ ឧបត្ថម្ភថវិកាជូន២០,០០០,០០០រៀល, មេបញ្ជាការកងពល ទទួលបានថវិកាចំនួន៤០០,០០០រៀល, មេបញ្ជាការរងកងពល ម្នាក់ៗទទួលបានថវិកាចំនួន២០០,០០០រៀល, សេធិការរង នាយ-នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង វរសេនាតូច៦០៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០០,០០០រៀល, នាយទាហាន និងពលទាហាន ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០,០០០រៀល ឧបត្ថម្ភសម្ភារ និគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀត ដែលមានដូចជាប្រេងម៉ាស៊ូត មី ទឹកបរិសុទ្ធ, ទឹកត្រី ទឹកស៊ីអីវ ប្រេងឆា ត្រីខកំប៉ុង ឧបត្ថម្ភការងារសាងសង់រោងដាក់រថយន្តដឹកជញ្ជូន ចំនួន១៥,០០០ដុល្លារ ។

ចំពោះវរៈនគរបាលការពារព្រំដែន៧៩៣ ឧបត្ថម្ភជូនថវិកាចំនួន ៥,០០០,០០០រៀល, គណៈបញ្ជាការរងនគរបាលជាតិប្រចាំទិសភូមិភាគ៤ ថវិកាចំនួន១,០០០,០០០រៀល, មេបញ្ជាការ ទទួលបានថវិកាចំនួន៤០០,០០០រៀល, មេបញ្ជាការរងក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន២០០,០០០រៀល, នាយ និងពលនគរបាល ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០,០០០រៀល ព្រមទាំងឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលមានដូចជាប្រេងម៉ាស៊ូត មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអីវ ប្រេងឆា ត្រីខកំប៉ុង ។

បញ្ជាការដ្ឋានអង្គរក្ស ថវិកាចំនួន២០,០០០,០០០រៀល, មេបញ្ជាការប្រចាំទិស ថវិកាចំនួន៥,០០០,០០០រៀល និងឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលមានដូចជាប្រេងម៉ាស៊ូត មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអីវ ប្រេងឆា ត្រីខកំប៉ុង ។

កងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន២០,០០០,០០០រៀល, មេបញ្ជាការកងពល ទទួលបានថវិកាចំនួន៤០០,០០០រៀល, មេបញ្ជាការរង ម្នាក់ៗទទួលបានថវិកាចំនួន២០០,០០០រៀល, នាយសេនាធិការរង នាយ នាយរងលេខាធិការដ្ឋាន នាយ នាយរងការិយាល័យ នាយ នាយរងផ្នែក មេបញ្ជាការ មេបញ្ញាការរង កងអនុសេនាធំ-តូច ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០,០០០រៀល, នាយ និងពលទាហាន ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល និងឧបត្ថម្ភ សម្ភារៈ និងគ្រឿងឧបភោគ បរិភោគ ដែលមានដូចជាប្រេងម៉ាស៊ូត មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអីវ ប្រេងឆា ត្រីខកំប៉ុង ឧបត្ថម្ភសម្រាប់ទិញសម្ភារប្រើប្រាស់ សម្ភារការិយាល័យ និងបង្គោលភ្លើង អស់ទឹកប្រាក់ចំនួន៨០,០០០,០០០រៀល ។

វរសេនាតូចអន្តរាគមន៍លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ចំនួន៥វរៈ ឧបត្ថម្ភជូន មេបញ្ជាការវរ ម្នាក់ទទួលបានថវិកាចំនួន ២០០,០០០រៀល, មេបញ្ជាការរង ជំនួយការសេនាធិការ មេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំ-តូច ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន១០០,០០០រៀល និងនាយទាហាន ពលទាហាន ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០,០០០រៀល៕ សួន លីណា