កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំបំណែងចែកភារកិច្ច ដេីម្បីត្រៀមរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្តែតប្រទិប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផល ក្នុងថ្ងៃបុណ្យចេញព្រះវស្សា នៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាសឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះមូលដា្ឋនខេត្តកំពង់ចាម ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ ធ្វើយ៉ាងណាត្រូវសហការគ្នា ដេីម្បីពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅក្នុងក្រុងកំពង់ចាម ឲ្យបានល្អប្រសើរ ពោលគឺត្រូវបង្កលក្ខណៈងាយស្រួល ទាំងមានសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយឡែកក្រុមកីឡាករទាំងអស់ ត្រូវខិតខំគោរពវិន័យ ជាពិសេសត្រូវគោរពតាមលក្ខន្តិកៈ របស់គណៈកម្មការរៀបចំការប្រកួត ឲ្យបានខ្ជាប់ខ្ជួន ហើយត្រូវខិតខំធ្វើការហ្វឹកហាត់ផងដែរ ។
បេីតាមលោក ឃន ប្រុស នាយករដ្ឋបាលសាលាខេត្តកំពង់ចាម បានឱ្យដឹងថា ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម ក្នុងថ្ងៃបុណ្យចេញព្រះវស្សា មានរយៈពេលពីរថ្ងៃ នៅវេទិកាអុំទូក ភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលនៅពេលរាត្រី មានការរៀបចំបណ្ដែតប្រទីប និងអុចកាំជ្រួច។
ព្រមជាមួយការតាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត, ពិព័រណ៍ផលិតផលនានា និងការប្រគុំតន្ត្រីមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨- ៣០ ខែតុលា ឆ្នាំ២០២៣ នេះ ។
ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានធ្វើការអំពាវនាវដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក លោក-លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ម្ចាស់ក្រុមហ៊ុន ពាណិជ្ជករ អាជីវករនានា និងលោក-លោកស្រី សូមមេត្តាជួយឧបត្ថម្ភ គ្រាំទ្រជាថវិកា និងសម្ភារៈផ្សេងៗដល់គណៈកម្មការខេត្តរៀបចំពិធី ដើម្បីមានលទ្ធភាពក្នុងការទ្រទ្រង់ដល់ក្រុមកីឡាករអុំទូក និងចាត់ចែងរៀបចំពិធីប្រណាំទូក ង ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម ឲ្យទទួលលទ្ធផលល្អប្រសើរផងដែរ ៕