កំពង់ធំ÷ លោកជំទាវ សុខ ចាន់ធូ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ក្រុមការងារមន្ទីរកិច្ចការនារី មន្ទីរសង្គមកិច្ច និងក្រុមការងារថ្នាក់ស្រុកបារាយណ៍ បានចុះសួរសុខទុក្ខ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាទៅប្រគល់ជូនក្មេងស្រីដែលត្រូវឪពុក
បង្កើតរំលោភបំពាន រស់នៅភូមិអណ្តោត ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣។
តាមរបាយការណ៍របស់លោកស្រី ហាក់ ពុទ្ធិតុសិតា អភិបាលរងស្រុកបារាយណ៍ បានលើកឡើងថា មានករណីឪពុកបង្កើតបានចាប់រំលោភបំពានលើកុមារី ឈ្មោះ ជ.សអាយុ០៧ឆ្នាំ ដែលជនបង្ករជាឪពុកបង្កើត ឈ្មោះ ច. រ អាយុ៣២ឆ្នាំ បច្ចុប្បន្នត្រូវបានចាប់ខ្លួនបញ្ជូនទៅស្នងការខេត្តកំពង់ធំ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយសារឪពុកបង្កើត ចិត្តតិរច្ឆានបានទៅរំលោភកូនបង្កើតរបស់ខ្លួន ដែលនៅជាកុមារ។ ពេលនោះម្តាយបង្កើតបានមកប្តឹង ពីប្ដីរបស់ខ្លួនដែលប្រព្រឹត្តអំពើអាក្រក់ទៅលើកូនបង្កើត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅប៉ុស្តិ៍នគរបាលឃុំបាក់ស្នា ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមការងារថ្នាក់ខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមកប្រគល់ជូនដល់ក្មេងស្រីដែលរងគ្រោះដោយការរំលោភបំពានរួមមាន÷ ថវិកា ២៤០.០០០រៀល គ្រឿងបរិភោគបរិភោគ អង្ករ៥០គីឡូក្រាម ត្រីខ០២យួរ ទឹកត្រីទឹក០១យួរ សុីអុីវ០១យួរ ទឹកសុទ្ធ១កេស ទឹកក្រូច១កេស មី១កេស សារ៉ុង០១ និងភួយ០១ផងដែរ។
ដោយលោក ធូ កែវមុន្នី




































