កំពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោក និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក បានលើកទឹកចិត្តនិងជំរុញដល់កងកម្លាំងទាំងបី-អាជ្ញាធរឃុំ ត្រូវ បង្កើនការខិតខំ យកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ក្នុងការបង្រ្កាបឱ្យបាននូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន ។
ការលើកឡើងនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីភ្ជុំបិណ្ឌ ត្រូវសំអាតអនាម័យបរិស្ថាន តុបតែងលម្អឱ្យបានសមរម្យ អាជ្ញាធរត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឱ្យបានល្អប្រសើរ ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ។
លោកអភិបាលស្រុកតាំងគោក ក៌បានថ្លែងអំណរគុណដល់កងកម្លាំងទាំងបីកន្លងមកប្រឹងប្រែងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់បាននូវការលួចឆក់ក្នុងមូលដ្ឋានបានល្អ បង្រ្កាបការជួញដូរគ្រឿងញៀន ជួយ សម្រួល ចរាចរណ៍តាមដងផ្លូវមិនឱ្យមានការកក់ស្ទះ។
បន្ថែមពីលើនេះលោក ហាក់ ម៉ុងហួត ក៏បានជំរុញ និងលើទឹកចិត្តបន្ថែមទៀត ដល់ អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវ បង្កើនការខិតខំ យកចិត្តទុកដាក់បន្តទៀត ក្នុងការការពារសុវត្ថិភាពដល់ពុទ្ធបរិស័ទនៅតាមវត្តនីមួយៗ ព្រោះរដូវបុណ្យភ្ជុំសំបូរពុទ្ធបរិស័ទអញ្ជើញមកវត្តយ៉ាងច្រើនកុះករ ប្រសិនមានបញ្ហាប្រឈមអ្វីមួយក្រុមការងារថ្នាក់ស្រុក និងរកដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលា។
ជាចុងក្រោយលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានឱ្យលោកមេឃុំបែងចែកវេនរបស់ក្រុមប្រឹក្សាឃុំក្នុងការវេនប្រចាំការនៅវត្តតាមវេននីមួយៗរបស់ខ្លួន ដើម្បីក្តាប់បាននូវសភាពការសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីសុខសុវត្ថិភាព និងផាសុកភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន៕
ដោយលោកមី សុម៉េង