យោធាខេត្តកំពង់ធំ បិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងកងកម្លាំងប្រចាំឆ្នាំ២០២៣

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នៅទីបញ្ជាការកងវរសនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធ ភូមិភាគទី៤ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ប្រចាំឆ្នាំ២០២៣ តាមផែនការដែលបានដាក់ចេញ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកវរសេនីយ៍ឯក ឌិន សុភិន នាយសេនាធិការរង តំណាងឲ្យបញ្ជាការដ្ឋានយោធភូមិភាគទី៤។

លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជា ការរងនិងជានាយសេនាធិការ បានឡើងធ្វើរបាយការណ៍អំពីលទ្ធផលនៃការហ្ចឹកហ្វឺនរៀនសូត្រ វគ្គបំប៉នពង្រឹងនាយទាហាន នាយ ទាហានរង និងពលទាហានប្រចាំឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមហ្វឹកហ្វឺនចំនួន១០០នាក់ និងគ្រូយោធាចារ្យ ព្រមទាំងអ្នកបម្រើការចំនួន១០ នាក់ ។ ហើយការហ្វឹកហ្វឺនរៀនសូត្រមាននេះរយៈពេល ៩១ថ្ងៃ ខ្លឹមសារហ្វឹកហ្វឺនមានមុខវិជ្ជាយោធារួម ការងារអប់រំចិត្តសាស្ត្រ លំហាត់របៀប លំហាត់ក្បាច់គុនកងយោធពលខេមរភូមិន្ទ និងការបាញ់ស៊ីបគ្រាប់ពិតប្រភេទអាវុធអាកា៤៧ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានឧបត្ថម្ភកញ្ចប់ថវិកាបំប៉នការហូបចុក សម្រាប់សិក្ខាកាមហ្វឹកហ្វឺនបន្ថែមលើគោលរបបរបស់កងទ័ពក្នុងមួយនាក់ ៣.០០០រៀល ក្នុងមួយថ្ងៃបន្ថែមទៀត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងហ្វឹកហ្វឺនរៀនសូត្ររបស់សិក្ខាកាមកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលទទួលបានលទ្ធផលល្អ និងសូមកោតសរសើរដល់ក្រុមយោធាចារ្យ និងអ្នកបម្រើការដាំស្ល ដែលបានរៀបចំអាហារហូបចុកសម្រាប់សិក្ខាកាមប្រកប ដោយអនាម័យ និងមានឱជារស ដោយសិក្ខា កាមទទួលបានអាហារបីពេលក្នុងមួយថ្ងៃ និងមានម្ហូបពីមុខនៅពេលថ្ងៃត្រង់នឹងពេលល្ងាច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំនិងប្រគល់ភារកិច្ចមួយចំនួន ក្រោយពេលបិទបញ្ចប់វគ្គមានជាអាទិ៍ ទីមួយ ត្រូវត្រៀមបម្រុងកម្លាំងនៅនឹងកន្លែងតាមអង្គភាពនីមួយៗ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះនិងរងផលប៉ះពាល់ដោយគ្រោះទឹកចំនន់ឲ្យទាន់ពេលវេលានិងមានប្រសិទ្ធភាព។ ។
ទីពីរ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ចនិងអាជ្ញាធរដែនដីក្នុងការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋសប្បាយរីករាយអបអរសាទរក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ និងទី៣ កងទ័ពទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ។ បើមានយោធិនណាម្នាក់ពាក់ព័ន្ធជាមួយគ្រឿងញៀន ទាំងការប្រើប្រាស់ ទាំងការចែក ចាយ ត្រូវលុបឈ្មោះចេញពីបញ្ជីកងទ័ព នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ។

លោក ប៉ាង សុភា តំណាងឲ្យសិក្ខាកាមនិងកងកម្លាំងទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើការប្តេជ្ញាចិត្ត អនុ វត្តឲ្យបានមុឺងម៉ាត់ និងឱ្យមានប្រសិទ្ធភាពទទួលបានជោគជ័យ តាមការណែនាំនិងប្រគល់ភារកិច្ចរបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។