រកឃើញសពយុវតីដែលខឹងជីដូន និងម្ដាយមីងស្ដីបន្ទោស បន្តិចបន្តួចលោតទឹកសម្លាប់ខ្លួន

0

កំពង់ធំ៖ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣
លោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន ដឹកនាំកម្លាំងស្វែងរកប្រទះឃើញសពអណ្តែតទឹកនៅចំណុចភូមិពាមគ្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ វេលាម៉ោង៧:១០នាទី និងបានប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ថា យុវតីម្នាក់ខឹងជីដូន និងម្ដាយមីងដែលនៅជាមួយស្ដីបន្ទោសបន្តិចបន្តួច គិតខ្លីបានសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន។ ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណ១៩:២៥នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៣ នៅចំណុចលើស្ពានថ្មកំពង់ធំ ស្ថិតក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្ត កំពង់ធំ។

យោងតាមប្រភពសមត្ថកិច្ចនៅពេលកើតហេតុបានឱ្យដឹងថា យុវតីដែលលោតទឹកសម្លាប់ខ្លួននោះមាន ឈ្មោះ ម៉ៅ សុភាព អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩  ជាក្មេងកំព្រាឪពុក មានម្ដាយឈ្មោះហាប់ សុផាន អាយុ ៥៦ឆ្នាំ រស់នៅភូមិក្តី សង្កាត់ព្រៃតៅហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ សពត្រូវប្រឡងឌីប្លូម នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣។

ប្រភពដដែលឲ្យដឹងទៀតថា សព្វថ្ងៃយុវតីរងគ្រោះស្នាក់នៅជាមួយអ្នកជិតខាងឈ្មោះ ប៊ូ សុធារ៉ា  ភេទស្រី អាយុ៥៦ឆ្នាំ មានមុខរបរជាមេផ្ទះ រស់នៅភូមិ សង្កាត់ ជាមួយម្តាយជនរងគ្រោះខាងលើ។ តាមការបញ្ជាក់របស់សមត្ថកិច្ចឲ្យដឹងថាមូលហេតុបឋមគឺដោយសារយុវតីរងគ្រោះ ខឹងជីដូននិងម្ដាយមីងដែលនៅជាមួយស្ដី បន្ទោសរឿងដើរលេង មើលទូរសព្ទ មិនធ្វើការងារផ្ទះ និងព្រឹកឡើងត្រូវប្រឡងផងនោះ។
បច្ចុប្បន្នសមត្ថកិច្ច បាទប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយលោក ធូ កែវមុន្នី