កំពង់ធំ÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានដឹកនាំសហការី អញ្ជើញកាន់បិណ្ឌវេនទី៤ ជាមួយញាតិញោមពុទ្ធបរិស័ទនៅ “វត្តឃ្លាំងខ្មូត” ស្ថិតនៅក្នុងភូមិអង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។
ទាំងនេះគឺជាការផ្សារភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ ក៏ដូចជាការផ្សារភ្ជាប់ និងរួបរួមសាមគ្គីឱ្យបានជិតស្និទ្ធជាមួយញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តទាំងមូល ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើង ជាពិសេសនៅក្នុងឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១រោចដល់ថ្ងៃទី១៥រោច ខែភទ្របទជារៀងរាល់ឆ្នាំ។មួយវិញទៀតគឺជាការសន្សំនូវបុញ្ញនិធិសម្រាប់ជាតិនេះនិងអនាគតជាតិសម្រាប់ខ្លួនឯងក៏ដូចជាឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិការទាំងប្រាំពីតសណ្តាន និងអតីតព្រះមហាក្សត្រនិងអតីតយុទ្ធជនដែលបានពលីព្រះកាយពលនិង សាច់ស្រស់ ឈាមស្រស់ និងបានចែកឋានទៅហើយ ដើម្បីបុព្វហេតុ គ្រួសារ ជាតិ សាសនា ព្រះមហាក្សត្ររបស់ខ្លួន ឱ្យចាកផុតពីអបាយភូមិ និងឈានទៅទីបុរមសុខ សួគ៌និព្វានគ្រប់ៗគ្នា។
គួរបញ្ជាក់ផងដែរថា ជាការចូលរួមនៅក្នុងឱកាសវេនបិណ្ឌនេះ ក៏មានការប្រគេននូវបច្ច័យនិងទេយ្យទានព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនដល់ព្រះសង្ឃ និងធ្វើបុណ្យចែកទានដល់លោកតា លោកយាយ ចំនួន៦០នាក់ផងដែរ៕ដោយលោក ឆុន ឆេងក្រឹម