បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយបទបញ្ជារបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ស្ដីពីការការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី០៣ ខែតុលាឆ្នាំ២០២៣នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ០០២/២០២៣ បជ របស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ស្ដីពីការ ការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បុណ្យឯករាជ្យជាតិ បុណ្យអុំទូក អកអំបុក សំពះព្រះខែ

ឆ្នាំ២០២៣ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ  សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយមេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងការិយាល័យ ផ្នែក ស្ថាប័ន ចំណុះអញ្ជើញចូលរួមផងដែរ។

លោកវរសេនីយ៍ទោ ស៊ុន សារិន នាយការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានបទបញ្ជាលេខ០០២/២០២៣ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ របស់បញ្ជាការដ្ឋានយោធភូមិភាគទី៤  និងបានបញ្ជាក់ជូនបណ្ដាកងឯកភាពអំពីផែនការជាក់ស្ដែងរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរដែនដី ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមទីវត្តអារាម និងរមណីយដ្ឋានក្នុងភូមិសាស្ត្រទទួលខុសត្រូវ។ និងផែនការប្រើប្រាស់កម្លាំងត្រៀមបម្រុងកម្លាំងរបស់អង្គភាពនីមួយៗ ដើម្បីអន្តរាគមន៍ដោះស្រាយសភាពការណ៍ទូទៅបានទាន់ពេលវេលា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ភារកិច្ចដល់ថ្នាក់ដឹកនាំ និងមេបញ្ជាការគ្រប់កងឯកភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ជួបជុំគ្រួសារសាច់ញាតិសប្បាយរីករាយក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ។ជាមួយនោះត្រូវយកចិត្តទុកដាក់គ្រប់គ្រងគ្រឿងបំពាក់ឲ្យបានម៉ត់ចត់ នឹងត្រូវចាត់តាំងកម្លាំងប្រចាំការ ប្រចាំបញ្ជានិងកងកម្លាំងត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅតាមមូលដ្ឋាននីមួយៗ ដែលខ្លួនទទួលខុសត្រូវឱ្យទាន់ពេលវេលា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព ត្រូវដឹកនាំនិងចាត់តាំងកម្លាំងព្រមទាំងមានស្បៀងអាហារសម្ភារៈថវិកាតាមលទ្ធភាព ដែលអាចធ្វើទៅបាន ដើម្បីទៅសំណេះសំណាលសាកសួរសុខទុក្ខជាមួយក្រុមគ្រួសារកងទ័ព និងក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជំងឺ និងមានជីវភាពលំបាកខ្វះខាតនៅតាមមូលដ្ឋាននីមួយៗក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវផងដែរ ។