កំពង់ធំ÷នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅក្នុងបរិវេណសួនស្ទឹងសែន រដ្ឋបាលខេត្តកំពង់ធំ បានប្រារព្ធទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ(ទេសចរណ៍ នឹងការវិនិយោគបៃតង) និងទិវាពិភពលោកស្អាតលើកទី៦ ឆ្នាំ២០០៣ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីរាជការ និងបងប្អូនជាពលរដ្ឋ បានអញ្ជើញចូលរួមផងដែរ។
ក្នុងឱកាសនោះឯកឧត្តម ជា វ៉ាន់ចាន់ បានលើកឡើងថា ប្រធានបទឆ្នាំ២០២៣នេះ ពិតជាបានរំលេចកាន់តែច្បាស់ថែមទៀត ពីតួនាទី នៃវិស័យទេសចរណ៍ ក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ដូចជាការគិតគូរដល់គំរូនៃការវិនិយោគថ្មី ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពធន់ បរិយាបន្ន និងចិរភាពកាន់តែប្រសើរ។ ជាការពិតណាស់ ក្នុងមួយទសវត្សរ៍ ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទន:។
ប៉ុន្តែជាអកុសល ការរីកចម្រើន វិស័យនេះ ត្រូវបានបង្អាក់ស្ទើរតែទាំងស្រុង ក្នុងរយៈពេលជាង៣ឆ្នាំចុងក្រោយ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលអវិជ្ជមាន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅទូទាំងសកលលោក។ ជាការកត់សម្គាល់ វិស័យទេសចរណ៍ បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលបានដាក់សម្ពាធ យ៉ាងខ្លាំងដល់ប្រតិបត្តិករជាច្រើននៅក្នុងវិស័យនេះ។
ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ ក៏បានបន្តទៀតថាដើម្បីអោយការងារកាន់តែប្រសើរ ត្រូវបង្កើនការវិនិយោគដើម្បីវិបុលភាពរួម តាមរយៈការជំរុញបដិវត្តកម្មឌីជីថល នវានុវត្តន៍ និងសហគ្រិនភាព ក៏ដូចជាការបង្កើនការទាញយកផលប្រយោជន៍ជាអតិបរមាពីវិស័យទេសចរណ៍។ សភាពការណ៍នេះ ធ្វើយ៉ាងណាធានាឱ្យបាននូវបរិយាបន្នក្នុងការបែងចែកផលប្រយោជន៍ ពីការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈភាពជាដៃគូចតុភាគី រដ្ឋ ឯកជន ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍ និងគាំទ្រដល់សកម្មភាពធុរកិច្ច សហគ្រាស មីក្រូ តូចនិងមធ្យម និងបុគ្គលបម្រើការងារក្នុងសេវា ទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ឯកឧត្តម ជា វ៉ាន់ចាន់ បានលើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីទេសចរណ៍ពិភពលោកឆ្នាំ២០២៣នេះ គឺស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍក្នុងវិស័យទេសចរណ៍ទាំងអស់ ផ្តល់កិច្ចសហការ និងជួយគាំទ្រក្រសួងទេសចរណ៍លើគ្រប់រូបភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តរបស់វិស័យ ទេសចរណ៍កម្ពុជា និងជំរុញវិស័យនេះឱ្យកានមានភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ក្នុងគោលដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា ផ្សព្វផ្សាយភាពទាក់ទាញ ទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍សំខាន់ៗ អភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយ នវានុវត្តន៍ ភាពច្នៃប្រឌិត ព្រមទាំងអភិវឌ្ឍធនធាន និងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយ ភាពប្រកួតប្រជែងខ្ពស់៕
ដោយលោក ធូ កែវមុន្នី