ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមខេត្តស្ទឹងត្រែង ចុះអប់រំសុខភាពដល់ស្ត្រីមានផ្ទៃពោះ ២០គ្រួសារ នៅក្នុងស្រុកសេសាន

0

ខេត្តស្ទឹងត្រែង៖ នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង លោក សាយ ព្រលឹង បានដឹកនាំក្រុមការងារ ចុះអប់រំសុខភាពស្រ្តីមានផ្ទៃពោះ និងនាំយកសម្ភារៈមួយចំនួនរបស់កាកបាទក្រហមកម្ពុជា​ ផ្តល់ជូនស្ត្រីមានផ្ទៃពោះ ២០គ្រួសារ ក្រោមការយកចិត្តទុកដាក់ពី លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាខេត្តស្ទឹងត្រែង ពិសេសមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ។

ពិធីអប់រំសុខភាព និងចែកអំណោយកាកបាទក្រហមកម្ពុជា ដល់ស្ត្រីមានគភ៌ទាំង ២០គ្រួសារនោះ បានធ្វើឡើងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នៅមណ្ឌលសុខភាពស្រែគរ ស្ថិតក្នុងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង លោក សាយ ព្រលឹង​ បានថ្លែង ពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី ថ្នាក់ដឹកនាំសាខាកាកបាទក្រហមខេត្ត ជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តីនិងកុមារ ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

ស្របពេលជាមួយគ្នានោះដែរ  គ្រូពេទ្យបានធ្វើការណែនាំ និងបង្ហាញពីវិធីសាស្ត្រ ដល់ស្ត្រីមានផ្ទៃពោះទាំងអស់ ក្នុងការមើលថែគភ៌ ដោយត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អ ត្រូវប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងត្រូវទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ តាមការណាត់របស់គ្រូពេទ្យ ។

គួរបញ្ជាក់ថា អំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ត្រូវបានផ្តល់ជូនស្ត្រីមានផ្ទៃពោះទាំង ២០គ្រួសារ នាពេលនោះ ក្នុង១គ្រួសារៗ ក្នុងនោះ ស្ត្រីមានផ្ទៃពោះ ១៧គ្រួសារ ទទួលបាន សារ៉ុង១ និងសាប៊ូឡុច ២ដុំ។ ដោយឡែក ស្ត្រីមានផ្ទៃពោះត្រៀមសម្រាលកូន ៣គ្រួសារ ទទួលបាន ឃីតទារក ១កញ្ចប់ (កន្រ្តកជ័រ ១, ពូកខ្នើយទារក១, មុងគ្របទារក១, កូនកន្សែង២, ស្រោមដៃ ស្រោមជើងទារក ១គូ, មួកទារក២, ម្សៅលាបទារក២ដប, ក្រដាសអនាម័យ ២ដុំ, ក្រដាសសើម ២ដុំ, ភួយទារក ១) និងសារ៉ុងសម្រាប់ម្តាយទារក ១ ផងដែរ៕ដោយ៖ឡុង សំបូរ