អភិបាលខេត្តកំពង់ចាម អះអាងថា យើងត្រូវបន្តធ្វើការអភិវឌ្ឍន៍ ឲ្យជីវភាពពលរដ្ឋ កាន់តែ ប្រសើរឡើង ទាំងប្រាក់ចំណូល សុខុមាលភាព និងការងារអប់រំសិក្សា

0

កំពង់ចាម : អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា យើងត្រូវបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តភាព ចីរភាព បរិស្ថាន ធនធានធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋទាំងអស់មានភាពប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ ទាំងសុខុមាលភាព និងការងារអប់រំសិក្សាធិការជាមូលដ្ឋាន។ ការ ថ្លែង បែប នេះ ក្នុងវទិកា ពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល(២០២៤-២០២៦)របស់រដ្ឋបាលខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ នាព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣ ។

ក្នុង កិច្ច ប្រជុំ នេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា រដ្ឋបាលខេត្ត បានអភិវឌ្ឍន៍ ទាំងផ្នែករូបវន្ត និងអរូបវន្តជាពិសេសការកែលម្អសោភ័ណ្ឌភាពទីក្រុង និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ជាតិ។ ជាក់ស្ដែង ការអនុវត្តគោលនយោបាយ គាំពារសង្គម សំដៅជួយសម្រាលការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ គិតត្រឹមថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នេះគ្រួសារក្រីក មានចំនួន ៤៧,៣០១គ្រួសារ ដែលត្រូវទទួលប្រាក់ឧបត្ថម្ភប្រចាំខែ និងគ្រួសារងាយរងហានិភ័យ មានចំនួន ២៦,៣៧៥គ្រួសារ ដែលត្រូវទទួលប្រាក់ឧបត្ថម្ភរៀងរាល់បីខែម្តង ពីរាជរដ្ឋាភិបាល បន្ទាប់ ពី កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ ជូន កម្មការនីដែលជាស្ត្រីមានផ្ទៃពោះ ។

ក្នុង ឱកាស នោះ ដែរ ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ ថា សំណើគម្រោងកម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្តមានចំនួន៤៤៧គម្រោង សំណើគម្រោងវិនិយោគក្រុង ស្រុកមានចំនួន ៧៣២គម្រោង និងសំណើគម្រោងវិនិយោគឃុំ សង្កាត់មានចំនួន ៤,១៥០ គម្រោង ដែលជាតម្រូវការជាអាទិភាពកំពុងស្វែងរកថវិកាគាំទ្រសម្រាប់អនុវត្តឆ្នាំ២០២៤ ដូចច្នេះទាមទារឲ្យមានការចូលរួមគាំទ្រពីមន្ទីរ អង្គភាពជុំវិញខេត្ត អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននានា សហការរួមគ្នាដោះស្រាយបញ្ហាដែលកើតមាននៅមូលដ្ឋាន ។

ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បាន ជំរុញ ឲ្យ រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវរួមសហការបន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ផងដែរ ៕