កំពង់ធំ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស៊ិន វីរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងលោកជំទាវ តេង ហ៊តរង្សី រួមទាំងក្រុមការងារ រួមជាមួយសប្បុរសជន បាននាំយកសម្ភារៈសិក្សា និងគ្រឿងឧបភោគបរិភោគ ចែកជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាបូពឹង ស្ថិតក្នុងភូមិបូពឹង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះដែរឯកឧត្តម ស៊ិន វីរៈ ថ្លែងថាគ្រឿងឧបភោគបរិភោគ និងសម្ភារៈសិក្សាទាំងនេះ ថ្វីត្បិតមានចំនួនតិចតួច ប៉ុន្តែបានឆ្លុះបញ្ចាំងឲ្យឃើញ ពីការរួមចំណែក សាមគ្គីភាព កើតចេញពីសទ្ធាជ្រះថ្លារបស់សប្បុរសជននានា ក្នុងការជួយគ្នាក្នុងគ្រាលំបាក និងជួយរំលែកទុក្ខលំបាករបស់ក្មួយៗបានមួយកម្រិតដល់សិស្សានុសិស្សដែលជួបបញ្ហាទៅលើជីវភាពរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានេះលោកជំទាវ តេង ហ៊តរង្សី បានផ្ដាំផ្ញើផ្ដល់ក្មួយៗទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ដើម្បីក្លាយជាទំពាំងស្នងឬស្សីប្រកបដោយគុណភាព ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយមិនត្រូវបោះបង់ចោលការសិក្សានោះទេ។ ជាពិសេសអរគុណ ចំពោះលោកគ្រូ អ្នកគ្រូ ដែលលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ខិតខំបង្ហាត់បង្រៀនផ្ទេរចំណេះដឹងជូនពួកគាត់ ប្រកបដោយគុណធម៌។
លើសពីនេះឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងលោកជំទាវ ជំរុញដល់អាណាព្យាបាល សិស្សទាំងអស់មិនត្រូវឱ្យកូនបោះបង់ការសិក្សាចោលនោះទេ ព្រោះមានតែចំណេះវិជ្ជានេះហើយដែលអាចចម្លងពួកគាត់ទទួលបានជោគជ័យក្នុងជីវិតនាពេលអនាគត។
គួរបញ្ជាក់ផងដែរ សម្ភារៈផ្ដល់ជូនក្នុងនោះមាន៖ លោកគ្រូ អ្នកគ្រូ៦នាក់ ក្នុង០១នាក់ទទួលបានអង្ករ១០គីឡូក្រាម និងថវិកាចំនួន១០ម៉ឺនរៀល ដោយឡែកចំពោះលោកនាយកទទួលបានថវិកា២០ម៉ឺនរៀលផងដែរ។ ចំពោះសិស្សានុសិស្សចំនួន១០៧នាក់ក្នុង០១នាក់ទទួលបាន÷កាតាប១ សៀវភៅ៥ក្បាល បិចខៀវ២ដេីម បិចក្រហម២ដេីម ដែកខ្មៅ២ដេីមទឹកលុប១ដេីម ដែកខួង០១ បន្ទាត់០១ ជ័រលុប០១ អង្ករ១០គីឡូក្រាម ទឹកត្រី១យួរ ទឹកសីវ១យួរ អំបិល០១គីឡូក្រាម តែគុជ នំប័ុង ដោះគោផងដែរ។ ដោយលោក ធូ កែវមុន្នី